ក្រសួងពាណិជ្ជកម្ម នឹងរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ តាមស្តង់ដារបច្ចេកទេសកសិកម្មទំនើប

127 Views
May 25, 2016
Tags:


34

ភ្នំពេញ: តាមផែនការគ្រោងទុក ក្នុងឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ ក្នុងទ្រង់ទ្រាយមធ្យម នៅខេត្តគោលដៅចំនួនបី និងក្នុងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដែលមានស្តង់ពិព័រណ៍ ជាង១០០ស្តង់ ក្នុងនោះរួមមាន ផលិតផលកសិ-ពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ តាមស្តង់ដារបច្ចេកទេស កសិកម្មទំនើប។

ក្នុងពិធីបើកយុទ្ធនាការ ទិញផលិតផលខ្មែរ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីជួយឲ្យទំនិញ ដែលផលិតនៅកម្ពុជា អាចមានលទ្ធភាព ប្រកួតប្រជែងជាមួយទំនិញ នាំចូលពីបរទេស និងបង្កើននូវការនាំចេញ ផងនោះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមនូវគំនិត រៀបចំយុទ្ធនាការថ្នាក់ជាតិមួយ ក្រោមប្រធានបទ “យុទ្ធនាការទិញផលិតផលខ្មែរ” ដើម្បីពញ្ញាក់ស្មារតី មហាជនទូទៅ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ក្នុងស្រុក ឲ្យបានច្រើន ជាអតិបរមា។

ក្រសួងពាណិជ្ជកម្ម នឹងខិតខំប្រមែប្រមូល យកផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់ បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទី នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ ជូនមហាជន ឲ្យបានដឹង និងបានស្គាល់។

លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍បន្ថែមថា យុទ្ធនាការទិញផលិតផលខ្មែរ នឹងទាក់ទាញ ឲ្យអ្នកប្រើប្រាស់ទាំងឡាយ ងាយមកចាប់អារម្មណ៍ និងប្រើប្រាស់ផលិតផល ក្នុងស្រុក ជំនួសឲ្យទំនិញនាំចូល។ ជាមួយគ្នានោះ យុទ្ធនាការនេះ នឹងផ្តល់នូវការយល់ដឹងខ្ពស់ ដល់អ្នកផលិតក្នុងស្រុក ធ្វើយ៉ាងណា ផលិតនូវទំនិញ ដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ ត្រូវមានសោភ័ណភាពទាក់ទាញ ផលិតផលត្រូវធានាបាន នូវសុវត្ថិភាពប្រើប្រាស់ និងមានតម្លៃសមម្យ ហើយក៏នឹងរួមចំណែកជួយពង្រឹង សមត្ថភាពផលិត បង្កើនការងារក្នុងស្រុក ជួយទប់ស្កាត់ការហូរចូល ទំនិញពីបរទេស និងឈានទៅជំរុញ ការនាំចេញផលិតផលខ្មែរ ទៅក្រៅប្រទេសផងដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍នេះ នឹងជួយឲ្យកម្ពុជា ចាប់យកឱកាសថ្មី ពីសករាជនៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន ហើយក៏ជាពេលវេលា សមស្របមួយ ដែលកម្ពុជាត្រូវពង្រឹង បណ្តាញផលិតកម្ម ដោយផ្តោតការយកចិត្តទុកដាក់ លើខ្សែសង្វាក់តម្លៃ ចាប់ពីផលិតកម្មស្អាត ផលិតទំនិញឲ្យបានសម្បូរបែប មានគុណភាពខ្ពស់ មានស្លាកសញ្ញាសម្គាល់គុណភាព និងជំរុញចលនាអ្នកប្រើប្រាស់ នៅទូទាំងប្រទេស ឲ្យចាប់ផ្តើមទទួលស្គាល់ទំនិញ ផលិតផលដែល “ផលិតនៅប្រទេសកម្ពុជា Made in Cambodia”។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “ក្រសួងពាណិជ្ជកម្ម នៅតែបន្តយកចិត្តទុកដាក់ ជួយជំរុញ លើកកម្ពស់ និងគាំទ្រវិស័យឯកជន ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យពួកគាត់ បានចូលរួមគ្រប់ សកម្មភាពពាណិជ្ជកម្ម យ៉ាងពេញលេញ។ យុទ្ធនាការនេះ មិនត្រឹមតែផ្សព្វផ្សាយ ឲ្យមហាជនទូទៅ បានឃើញ និងស្គាល់ផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយឲ្យរោងចក្រ សហគ្រាស សិប្បកម្ម និងមូលដ្ឋានផលិតកម្មនានា មានលទ្ធភាពពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យចម្រើនទៅមុខជាបណ្តើរៗ រហូតមានលទ្ធភាពពេញលេញ អាចចូលរួមប្រកួតប្រជែង ក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោកទៀតផង”៕

33


Tags:

Facebook Comment

Related Articles

Show Buttons
Hide Buttons