ទេព រិន្ទដារ៉ូ ឆក់យកតំណែងគណកម្មការកម្មវិធីទូរទស្សន៍

158 Views
March 3, 2016
Tags:


ភ្នំពេញ: នៅដើមខែមីនានេះ លោក ទេព រិន្ទដារ៉ូ តារាសម្ដែងជើងចាស់របស់កម្ពុជា បានបោះជំហានចាប់យកអាជីពថ្មីមួយទៀតជាគណកម្មការនៅក្នុងកម្មវិធីជីវិតពិតថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ PNN។

កម្មវិធី MY PLACE ឬ “មុខរបរខ្ញុំ” របស់ PNN នឹងបង្ហាញជូនបេក្ខជនប្រកួតប្រជែង១៣រូបដែលនឹងធ្វើការជាមួយគ្នាដើម្បីបង្កើតភោជនីយដ្ឋានមួយ។

កម្មវិធីនេះនឹងបង្កើតភោជនីយដ្ឋានពិតមួយ ដូច្នោះហើយបេក្ខជនទាំងអស់នឹងត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពិសេសក្នុងជំនាញបើកទីតាំងប្រកបមុខរបរ។ តាមរយៈកម្មវិធីនេះបេក្ខជនទាំងអស់នឹងត្រូវប្រឈមនឹងការប្រកួតប្រជែងជាច្រើន។

លោក ទេព រិន្ទដារ៉ូ នឹងផ្ដល់ពិន្ទុអោយបេក្ខជនដោយផ្អែកទៅលើការខិតខំធ្វើការ សមត្ថភាព និងការតាំងចិត្តរបស់ពួកគេ។ ក្រោយប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរជិត៣០ឆ្នាំ លោក ទេព រិន្ទដារ៉ូ ទើបតែចាប់យកអាជីពជាគណកម្មការកម្មវិធីទូរទស្សន៍នេះជាលើកទីមួយ។

តារាជើងចាស់រូបនេះនិយាយថា “ខ្ញុំសម្រេចចាប់យកតំណែងនេះដោយសារខ្ញុំមានបទពិសោធ៍ខ្លះៗលើការបើកមុខរបរបែបនេះ ហើយខ្ញុំចង់ចែករំលែកបទពិសោធន៍ជាមួយនឹងក្មេងៗ”។

លោក ទេព រិន្ទដារ៉ូ ទទួលស្គាល់ថា កម្មវិធីថ្មីរបស់ PNN នេះនឹងបង្ហាញជូនគំនិតថ្មីៗដែលនឹងផ្ដល់នូវបទពិសោធន៍ដល់អ្នកទស្សនាអោយឃើញពីហេតុផលនៅពីក្រោយការបើកភោជនីយដ្ឋានមួយជោគជ័យ និងមិនជោគជ័យ។

លោក ទេព រិន្ទដារ៉ូ ល្បីឈ្មោះ និងទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈការសម្ដែងភាពយន្តដូចជារឿង ចៅពស់កេងកង និងរឿងភាគរលកសំឡេង និងសម្រស់ជីវិត របស់ផលិតកម្ម ខ្មែរមេគង្គ ។

ទោះជាយ៉ាងណា នេះគឺជាលើកទីមួយដែលលោក ទេព រិន្ទដារ៉ូ ត្រូវធ្វើជាគណកម្មការកម្មវិធីជីវិតនៅទូរទស្សន៍។

លោក ជីមមី ផលិតករកម្មវិធី “មុខរបរខ្ញុំ” និយាយថា “លោក រិន្ទដារ៉ូ ធ្លាប់មានភោជនីយដ្ឋានផ្ទាល់ខ្លួននៅសៀមរាប គាត់ដឹងថា ត្រូវការអ្វីខ្លះដើម្បីបង្កើតបានជាភោជនីយដ្ឋានមួយ ដូច្នេះហើយទើបលោកត្រូវបានគេជ្រើសជាគណកម្មការ”។

ដោយលោក ទេព រិន្ទដារ៉ូ បានបិទភោជនីយដ្ឋានរបស់លោកនៅសៀមរាប ធ្វើអោយលោកមានពេលវេលាច្រើនសម្រាប់កម្មវិធីទូរទស្សន៍ដូចជាកម្មវិធី “មុខរបរខ្ញុំ” ជាដើម។

មិនដូចកម្មវិធីជីវិតពិតផ្សេងៗ “មុខរបរខ្ញុំ” នឹងបង្ហាញជូននូវសកម្មភាពអប់រំសំខាន់ៗជាច្រើន។

កម្មវិធីនេះនឹងចាប់ផ្ដើមចាក់ផ្សាយចាប់ពីថ្ងៃចន្ទទី៧ខែមីនា តទៅ នៅម៉ោង៨យប់។

PNN កំពុងផលិតកម្មវិធីថ្មីជាច្រើនឆ្លើយតបទៅនឹងការផ្លាស់ប្ដូរថ្មីដែលតម្រូវដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហាមការចាក់ផ្សាយកម្មវិធី និងភាពយន្តបរទេសនៅចន្លោះម៉ោង៧ដល់ម៉ោង៩យប់។

ការហាមចាក់ផ្សាយកម្មវិធី និងភាពយន្តបរទេសនេះត្រូវអនុវត្តទៅលើគ្រប់ស្ថានីយទូរទស្សន៍រាប់បញ្ចូលទាំងទូរទស្សន៍ខ្សែកាប៕

 


Tags:

Facebook Comment

Show Buttons
Hide Buttons