សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសហការជាមួយធនាគារជាតិនៃកម្ពុជា អនុស្សរណៈពង្រឹងអភិបាលកិច្ចក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ

173 Views
May 12, 2016


PPP-twitter-button-right

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកមួយរបស់ធនាគារពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយល់គ្នាមួយជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើនតម្លាភាព និងទំនុកចិត្តរបស់សាធារណជនមកលើវិស័យធនាគារ។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹងជួយធនាគារជាតិនៃកម្ពុជាបង្កើនសមត្ថភាពនិយ័តកម្ម ការត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ តាមរយៈការរៀបចំនិងផ្តល់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីអភិបាលកិច្ច ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាដោយមានកិច្ចសហការជាមួយ IFC នឹងរៀបចំក្រមអភិបាលកិច្ចដែលចែងអំពីការអនុវត្តល្អនៃអភិបាលកិច្ចសម្រាប់ដាក់ចេញឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាគោរពតាម។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា “ការគ្រប់គ្រងហានិភ័យប្រុងប្រយ័ត្ន និងការត្រួតពិនិត្យផ្ទៃក្នុង គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍវិស័យ ធនាគាររបស់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។ លោកបានបន្តថា គម្រោងនេះនឹងជំរុញឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការបន្តលើកកម្ពស់ការអនុវត្តអភិបាលកិច្ចនៃគ្រឹះស្ថានរបស់ខ្លួន ដើម្បីឈានទៅរកការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល” ។
លោកបានបញ្ជាក់ថា មុនពេលមានកិច្ចសហការជាមួយ IFC ធនាគារជាតិនៃកម្ពុជាក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច តាមរយៈការចេញនូវបទប្បញ្ញត្តិផ្សេងៗសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា លើការផ្តល់ជំនួយពី IFC នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកវិសាលភាពនៃការកសាងសមត្ថភាពដើម្បីលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្ត និងការគោរពតាមអភិបាលកិច្ចល្អនៅក្នុងវិស័យធនាគារ។
ស្ថាប័នទាំងពីរនឹងសហការគ្នារៀបចំសិក្ខាសាលាជាសាធារណៈជាបន្តបន្ទាប់ដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍អភិបាលកិច្ច។ សកម្មភាពទាំងនេះជាមធ្យោបាយដែលអាចបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការអនុវត្តតាមច្បាប់ និងមុខងារត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពក្នុងវិស័យធនាគារ។
លោក Kyle Kelhofer នាយក IFC ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានលើកឡើងថា “កិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារជាតិនៃកម្ពុជា នឹងជួយបង្កើនតម្លាភាព និងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ កាន់តែមានភាពល្អប្រសើរជាងមុន។ ការណ៍នេះនឹងជួយឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាត់បន្ថយហានិភ័យនៃការផ្តល់កម្ចី និងបង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់ក្រុមហ៊ុនដែលប្រកប អាជីវកម្មនៅកម្ពុជា ដែលកត្តាទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”។
IFC បានចូលរួមក្នុងការអនុម័ត ក្រម ច្បាប់ និងបទប្បញ្ញត្តិស្តីពីអភិបាលកិច្ចចំនួន ៩៥ ក្នុងប្រទេសជាង ៣០ ទូទាំងពិភពលោក។ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក IFC បានរៀបចំសៀវភៅណែនាំស្តីពីអភិបាលកិច្ចទីមួយ សម្រាប់បណ្តាក្រុមហ៊ុននៅប្រទេសវៀតណាម និងបានជួយដល់អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Otoritas Jasa Keuangan ( OJK) ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ និងក្រមអភិបាលកិច្ច។
សូមបញ្ជាក់ថា កម្មវិធីអភិបាលកិច្ចរបស់ IFC នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលបានជំនួយឧបត្ថម្ភពីរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចនៃប្រទេសស៊្វីស៕
ដោយ សាយ សុន

AKP


Facebook Comment

Related Articles

Show Buttons
Hide Buttons