ស៊ន សៀវម៉ី ឈ្នះការប្រកួតជម្រុះដើម្បីចូលប្រកួតកីឡាអូឡាំពិកពិភពលោក

63 Views
April 19, 2016
Tags:


sorn-sevmey-cambodia-03-10-2014

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី របស់កម្ពុជា បានឈ្នះការ ប្រកួតជម្រុះដើម្បីទទួលបានសិទ្ធិទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិលើកទី៣១ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ពោលគឺទទួលបានកៅអីពេញសិទ្ធិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយត្រូវបានចាត់ទុកថា សមិទ្ធផលដ៏អស្ចារ្យសម្រាប់កម្ពុជា។
ស៊ន សៀវម៉ី ទទួលបានលទ្ធផលគួរជាទីមោទនភាព ក្រោយពីបានប្រកួតឈ្នះកីឡាការិនីមកពីប្រទេសតាហ្ស៊ីគីស្ថាន និងឈ្នះកីឡាការិនីមកពីហ្វីលីពីនក្នុងការប្រកួតជម្រុះជើងឯកតេក្វាន់ដូទ្វីបអាស៊ី នៅប្រទេសហ្វីលីពីន ដែលបានដំណើរការចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា៖ «ជ័យជម្នះរបស់កីឡាការិនី ស៊ន សៀវម៉ី លើកនេះត្រូវបានស្ថាប័នជាតិ និងអន្តរជាតិកត់ត្រាក្នុងប្រវត្តិសាស្ត្រពីព្រោះរយៈពេល ៦២ ឆ្នាំ ទើបតែទទួលបានសិទ្ធិពេញលេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិ»។ កម្ពុជាធ្លាប់ទៅចូលរួមប្រកួតខ្នាតអូឡាំពិកអន្តរជាតិនេះតាមរយៈភាពអនុគ្រោះតែប៉ុណ្ណោះ ប៉ុន្តែពេលនេះស៊ន សៀវម៉ី ដណ្តើមបានកៅអីពេញសិទ្ធិសម្រាប់ការប្រកួតនៅប្រទេសប្រេស៊ីលខាងមុខ»។
លោក Choi Yong Sok ដែលជាគ្រូបង្វឹករបស់ ស៊ន សៀវម៉ី បានឱ្យដឹងថា «ម្ចាស់មេដាយមាសទ្វីបអាស៊ី សៀវម៉ី បានជាប់ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលនាពេលខាងមុខ។ ជ័យជម្នះ នេះបាន ផ្តល់ឱ្យកញ្ញា ស៊ន សៀវម៉ី ទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ធំលំដាប់ពិភពលោកគឺអូឡាំពិកហ្គេម ដោយការចំណាយសព្វបែបយ៉ាងពេលទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកខាងមុខ គឺជាបន្ទុកខាងម្ចាស់កម្មវិធីចេញឱ្យទាំងអស់»៕

AKP


Tags:

Facebook Comment

Show Buttons
Hide Buttons