ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំប្រារព្ធព្រឹត្តិការណ៍ «រសជាតិបែបបារាំង» លើកទី២នៅកម្ពុជា

422 Views
January 10, 2016
Tags:


បន្ទាប់ពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អាហារពេលល្ងាច«រសជាតិបែបបារាំង(Goût de France / Good France)» លើកទី១ កាលពីឆ្នាំ២០១៥ ដោយមានការចូលរួមពីសំណាក់ភោជនីយដ្ឋានចំនួន ១ ៣០០ និងស្ថានទូតបារាំងនៅ ជុំវិញពិភពលោករួចមកកម្មវិធីពិសេសនេះនឹងត្រូវរៀបចំសារជាថ្មីជាលើកទី២នៅថ្ងៃទី២១ ខែមីនាខាងមុខ ដោយមានភោជនីយដ្ឋានចូលរួមកាន់តែច្រើនជាងមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា នៅប្រទេសកម្ពុជាមានភោជនីយដ្ឋានចំនួន១០នឹងរៀបចំមុខម្ហូបពិសេសមួយជូនភ្ញៀវ នៅរាជធានីភ្នំពេញនិងជាលើកទី១នៅខេត្តសៀមរាប។ ចំនួនភោជនីយដ្ឋានចូលរួមនៅកម្ពុជាមាន ការកើនលើសឆ្នាំមុនចំនួន៦ ដែលជាសញ្ញាបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅលើកស្ទួយគំនិត ច្នៃប្រឌិត និងភាពល្អឯកនៃម្ហូបបារាំង។
សូមបញ្ជាក់ថាចាប់ពីឆ្នាំ២០១០មក អាហារបារាំងត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ បន្ទាប់ពីការរៀបចំអាហារពេលល្ងាចនេះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជានឹងរៀបចំកម្មវិធីជួបជុំនិងពិភាក្សាការងារជាច្រើន ពីថ្ងៃទី២២ដល់ទី២៦មីនាសម្រាប់សមាជិករបស់ខ្លួនក៏ដូចជាសហគមន៍ជំនួញដោយមានការចូលរួមផងដែរពីភោជនីយដ្ឋាន ដែលគាំទ្រយុទ្ធនាការ «រសជាតិបែបបារាំង»។
ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តទៅស្របពេលនៃការប្រារព្ធសប្តាហ៍ហ្វ្រង់កូហ្វូនី ដោយសារប្រទេសកម្ពុជាជាសមាជិកស្ថាបនិកមួយរបស់អង្គការអន្តជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង(OIF)។ ក្រៅពីកម្មវិធីកម្សាន្តនៅតាមសាកលវិទ្យាល័យនានា នឹងមានការបញ្ចាំងភាពយន្ត ការធ្វើសន្និសីទ និងការប្រគុំតន្ត្រីសម្រាប់សាធារណជនទូទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែមីនា។ នៅក្នុងឱកាសនោះ អ្នកចម្រៀងជប៉ុន Wasaburo Fukuda នឹងបកស្រាយបទចម្រៀងជាភាសាបារាំងនៅថ្ងៃទី២៤ ខែមីនា នៅវិទ្យាស្ថានបារាំង។
បន្ទាប់មកនៅថ្ងៃទី២៦ ខែមីនា នឹងមានពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីនៃការ ប្រកួតប្រជែងរង្វាន់«ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គម» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ ការប្រឡងប្រណាំង ដែលមានការចូលរួមពីក្រុមហ៊ុនបារាំង នៅកម្ពុជាចំនួន១៣នេះ មានគោលដៅ ផ្តល់ការលើកទឹកចិត្តដល់ការអនុវត្តល្អៗ និងលើកកម្ពស់ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុននានានៅកម្ពុជា។
ការប្រកួតប្រជែងនេះក៏ឆ្លុះបញ្ចាំងផងដែរពីការរួមចំណែករបស់សហគមន៍ធុរកិច្ចបារាំង នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមនៅកម្ពុជា៕


Tags:

Facebook Comment

Show Buttons
Hide Buttons