ភីអិនអិន ចុះកិច្ចព្រមព្រៀងទទួលសិទ្ធិចាក់បញ្ចាំងផ្ដាច់មុខរឿងភាគរបស់TVB

332 Views
March 10, 2016
Tags:


ភ្នំពេញ: ស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា PNN បានឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងជាមួយស្ថានីយទូរទស្សន៍ល្បីល្បាញបំផុតរបស់ទីក្រុងហុងកុងTVB ដោយទទួកសិទ្ធិផ្តាច់មុខ ចាក់ផ្សាយខ្សែភាពយន្តភាគចិនថ្មីៗរបស់ TVB។

កិច្ចព្រមព្រៀងថ្មីរវាងភាគីទាំងពីរ គឺមានតម្លៃដល់ទៅជាងមួយលានដុល្លារអាមេរិក ដែលអនុញ្ញាតឲ្យ ស្ថានីយទូរទស្សន៍ PNN តែមួយគត់មានសិទ្ធិចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគចិនថ្មីៗ និងចុងក្រោយបង្អស់របស់ TVB លើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជា។ ហើយ PNN ក៏នឹងចាប់ផ្តើមចាក់ផ្សាយខ្សែភាពយន្តភាគដំបូងរបស់ TVB ចាប់ពីថ្ងៃទី ២៨ ខែមេសានេះតទៅ។

លោកGlen Felgateអគ្គនាយកស្ថានីយទូរទស្សន៍ PNNគូសបញ្ជាក់ថា គ្រប់ខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍TVBគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទូរទស្សនិកជនកម្ពុជា នេះជាហេតុផលដែល PNN រីករាយសហការជាមួយពួកគេ។

លោកអះអាងថា សម្រាប់ពេលនេះ PNN កំពុងមានខ្សែភាពយន្តភាគល្អៗជាច្រើនក្នុងដៃ ដូចជាខ្សែភាពយន្តភាគថៃ និងខ្សែភាពយន្តភាគចិនជាដើម ប៉ុន្តែលោកសង្ឃឹមថា ឆាប់ៗនេះ PNN នឹងមានខ្សែភាពយន្តភាគផលិតក្នុងស្រុកល្អៗជាច្រើនទៀតដូចគ្នា។
ជាមួយគ្នានេះដែរអ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ TVB លោក Anthony Ho បានសម្តែងភាពរីករាយជាខ្លាំងដោយលើកឡើងថា ស្ថានីយទូរទស្សន៍ TVB ពិតជាមានក្តីសោមនស្ស ដែលពលរដ្ឋកម្ពុជានៅតែបន្តគាំទ្រសមិទ្ធិផលភាពយន្តភាគរបស់ខ្លួន ហើយក្រុមការងារលោក ក៏រំភើបដូចគ្នាដែលបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយស្ថានីយទូរទស្សន៍ថ្មីបំផុតនៅកម្ពុជា។

PNN នឹងចាក់ផ្សាយខ្សែភាពយន្តភាគចិនថ្មីៗ និងចុងក្រោយបង្អស់ របស់ទូរទស្សន៍ TVB ៥ថ្ងៃក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពីម៉ោង ១១ ដល់ម៉ោង ១២ថ្ងៃត្រង់ និងម៉ោង ៦ ដល់ម៉ោង ៧យប់។ រីឯខ្សែភាពយន្តភាគថៃ នឹងចាក់ផ្សាយជូនទស្សនាចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង១រសៀល និងពីម៉ោង ៩យប់ ដល់ម៉ោង ១០យប់។

ភាពយន្តភាពដំបូងបង្អស់របស់ TVB នឹងចាប់ផ្សាយក្នុងពេលឆាប់ៗនេះ លើកញ្ចប់ទូរទស្សន៍ PNN ជាខ្សែភាពយន្តមួយកំពុងតែចាក់បញ្ចាំង និងទទួលបានការគាំទ្រខ្លាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកប្រទេសចិន គឺរឿង រាជពេទ្យរជ្ជកាលឈីងចុងក្រោយឬ The Last Healer In Forbidden Cityលាតត្រដាងរឿងរ៉ាវកើតឡើងក្នុងរាជវាំងនៃបុព្វបុរសចិន រៀបរាប់ពីគ្រូពេទ្យរាជវាំងមួយរូបដែលធ្លាក់ចូលក្នុងការសង្ស័យធ្វើឃាតអធិរាជចិននៅពេលនោះ។

ជាមួយនឹងកិច្ចព្រមព្រៀងនេះដែរ TVB ក៏នឹងផ្តល់ឲ្យ PNN កម្មវិធីកំប្លែង ភាពយន្តឯកសារ ក៏ដូចជាកម្មវិធីល្បីៗពោរពេញដោយអត្ថប្រយោជន៍ និងចំណេះដឹងជាច្រើនទៀត ដើម្បីចាក់ផ្សាយពេញមួយឆ្នាំ។

PNN ចាប់ផ្តើមផ្សាយដំបូងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ ចាប់តាំងពីបង្ហាញវត្តមានផ្លូវការមក ស្ថានីយទូរទស្សន៍ថ្មីនេះ បានទាក់ទាញទស្សនិកជនរបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងប្រទេស។

ដោយឡែក ក្នុងនាមជាផលិតករកម្មវិធីសម្រាប់ពលរដ្ឋចិនដែលធំបំផុតលើពិភពលោក TVB គឺជាទូរទស្សន៍មានប្រជាប្រិយភាពបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងការផលិតនូវភាពយន្តភាគចិនមានគុណភាពខ្ពស់ និងកម្មវិធីកំសាន្តប្រកបដោយចំណេះដឹង សរុបរហូតដល់ទៅ ១៩ពាន់ម៉ោង ធ្វើឲ្យបែបផែននៃជីវិតរស់នៅ ជាមួយនឹងការកំសាន្តរបស់ពលរដ្ឋ ហុងកុង បានរីកសាយភាយស្ទើរគ្រប់ទីកន្លែងជុំវិញពិភពលោក៕

11

 


Tags:

Facebook Comment

Show Buttons
Hide Buttons