រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ ចំពោះ​សុខមាលភាព និង​ជីវភាព​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​

550 Views
December 12, 2016


ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅសង្កាត់ក្បាលកោះ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះសុខមាលភាព និងជីវភាពប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមរយៈគោលនយោបាយ តម្លើងប្រាក់បៀវត្ស ការមិនយកពន្ធប្រាក់បៀវត្ស ក្រោមមួយលានរៀល ការបញ្ចុះតម្លៃទឹក ភ្លើង ផ្ទះជួល និងការចុះព្យាបាល ដោយឥតគិតថ្លៃ ជាដើម។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដោយគិតថ្លៃ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានបង្កើតឱកាស ដល់យុវជន កម្មករ កម្មការិនី និងបង្កើតឱកាសការងារ ជូនកូនចៅប្រជាពលរដ្ឋ តាមរយៈគៀងគរអ្នកវិនិយោគ អោយកាន់តែច្រើន មកវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគ លើការវិនិយោគ វិស័យឧស្សាហកម្ម។

លោកបានបញ្ជាក់ថា ដោយគិតដល់ការចំណាយ របស់បងប្អូនកម្មករ កម្មការិនី លើថ្នាំសង្កូវ ពេលឈឺស្កាត់នោះ សម្តេចបានណែនាំឲ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះមកពិនិត្យជូនបងប្អូន កម្មករ កម្មការិនី ដោយឥតគិតថ្លៃ ដោយផ្ទាល់តែម្តង ពីព្រោះថា សុខភាពនេះ គឺសំខាន់ណាស់ ដោយសារបងប្អូនកម្មករ កម្មការិនី បានដើរតួនាទី ជួយខ្លួនឯងផង ជួយគ្រួសារផង និងជាធនធានសំខាន់ សម្រាប់ប្រទេសជាតិ។ ជាក់ស្តែង សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាល ជំងឺជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដោយគិតថ្លៃ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជាមួយនោះ លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ដល់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ សម្រាប់ការចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ ថ្ងៃនេះ ដែលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងការការលើកកម្ពស់ វិស័យសុខាភិបាល និងជាយន្តការជួយសម្រួល ដល់ការទទួលសេវា ដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្សាភ្ជាប់ មនោសញ្ចេតនារវាង សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្រុមការងារចុះជួយមូលដ្ឋាន និងផ្នែកដែលពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដោយគិតថ្លៃ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយពិនិត្យ និងព្យាបាលប្រភេទជំងឺទូទៅ . ជំងឺត្រចៀក ច្រមុះ បំពង់ក .ជំងឺរោគស្ត្រី និងអេកូស្ត្រីមានផ្ទៃពោះ និងជំងឺមាត់ធ្មេញ ពិនិត្យឈាម និងវះកាត់តូច សរុបចំនួន ៥៥៨ នាក់ និងបញ្ជូនទៅព្យាបាលបន្ត ចំនួន ៨នាក់។

គួររំលឹកផងដែរថា គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះពិនិត្យព្យាបាល ប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា បុគ្គលិកអង្គការ កុមារកំព្រា តាមបណ្តាអង្គការនានា និងកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សរុបជាង ៧០០.០០០នាក់ រួចមកហើយ៕

 


Facebook Comment

Show Buttons
Hide Buttons