លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានាល្ងាចថ្ងៃទី១៣ ធ្នូ នេះ

104 Views
December 13, 2016
Tags:


លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ (Drigo Rao Duterte) ប្រធានាធិបតីទី១៦ របស់សាធារណរដ្ឋហ្វីលីពីន នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ។ ចំណែកលោក ម៉ានី ប៉ាគីអាវ អ្នកប្រដាល់ពិភពលោកដ៏ល្បីឈ្មោះ និងជាព្រឹទ្ធសមាជិក ហ្វីលីពីន និងអមដំណើរមកជាមួយ ប្រធានាធិបតី ហ្វីលីពីន ផងដែរ។

តាមកម្មវិធី លោកប្រធានាធិបតីហ្វីលីពីន អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ពិធីទទួលផ្លូវការដំណើរ ទស្សនកិច្ចរបស់លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ គឺនឹងប្រព្រឹត្តទៅ នៅក្នុងព្រះបរមរាជវាំង។

ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហ្វីលីពីន គឺតបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានាធិបតី ហ្វីលីពីន និងព្រះឆាយាល័ក្ខ ព្រះមហាក្សត្រ ដាក់ទន្ទឹមគ្នា ត្រូវបានដាក់តាំង នៅលើមហាវិថីធំ។ រីឯកម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ជាច្រើន បានត្រៀមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រធានាធិបតីហ្វីលីពីន។

លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។ សម្រាកមួយយប់ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជា ផងដែរ។ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ នឹងចូលជួបក្រាបបង្គំគាល់ និងសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយនៅវេម៉ោង ៣ រសៀល ថ្ងៃទី១៤ ខែធ្នូ ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។

បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ រួមមានៈ អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកីឡា។ ក្រោយពីបញ្ចប់ ការចុះអនុស្សរណៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ ព្រះមហាក្សត្រ ស្តេចយាង ជាព្រះរាជាធិបតី ក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី ហ្វីលីពីន នៅក្នុងព្រះបរមរាជវាំង។ លោក ឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធានាធិបតី ហ្វីលីពីន នឹងចាកចេញពីកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសឹង្ហបុរី៕

phi3

phi1

phi2


Tags:

Facebook Comment

Show Buttons
Hide Buttons