​អង់គ្លេស ប្រគល់​ពានរង្វាន់​អន្តរជាតិ ការងារ​សុវត្ថិភាព​ចរាចរណ៍ ជូន​កម្ពុជា

190 Views
December 14, 2016


ព្រះអង្គម្ចាស់ Michael នៃរាជាណាចក្រអង់គ្លេស បានប្រគល់ពានរង្វាន់អន្តរជាតិ លើការងារសុវត្ថិភាពចរាចរណ៍ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

កម្ពុជាទទួលបានពានរង្វាន់ អន្តរជាតិនេះ ដោយសារកម្ពុជា បានរឹតបន្តឹងការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក រយៈពេល ១១ខែ ឆ្នាំ២០១៦ ថយចុះនូវ គ្រោះថ្នាក់ចរាចរណ៍ គួរកត់សម្គាល់ គឺទាំងអ្នកស្លាប់ និងអ្នករបួសចំនួន ជាង ៨០០ នាក់។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពានរង្វាន់នេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះ មានការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ការខិតខំរបស់ មន្ត្រីអនុវត្តន៍ច្បាប់ និងការចូលរួម របស់ប្រជាពលរដ្ឋ អង្គការជាតិ-អន្តរជាតិ ទើបទទួលបានជោគជ័យ ក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់ និងអ្នករបួស ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ក្នុងឆ្នាំ២០១៦។

សម្តេចក្រឡាហោម បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់ អាធ្យាស្រ័យ ក្នុងការបើកបរ ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងរឹតបន្តឹង ការអនុវត្តន៍ច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក រយៈពេល ១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យមានការថយចុះ នូវគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៤៥១លើក (៣.៣៣៨ លើក លើ ៣.៧៨៩ លើក) ថយចុះចំនួនអ្នកស្លាប់ ២៥៩ នាក់ (១.៥៧៦នាក់ លើ១.៨៣៥នាក់) អ្នករបួស ថយចុះចំនួន៥៩៦នាក់ (៥.៩៦២នាក់ លើ៦.៥៥៨នាក់) ប្រៀបធៀបនឹងឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យ ក្នុងការទទួលបានពានរង្វាន់នេះ៕


Facebook Comment

Show Buttons
Hide Buttons