បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតឆ្នាំ២០១៦ ដើម្បីប្រមូលអំណោយជួយជនរងគ្រោះ

325 Views
March 14, 2016
Tags:


KH (21)

ក្រុមប្រកួតរ៉ូបូតចំនួន៤០ក្រុម ដែលមានបេក្ខជនចំនួន១១៥នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងសកលវិទ្យាល័យសំខាន់ចំនួន០៧ ក្នុងរាជធានីភ្នំពេញ បានមកចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូត ក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅស្ទុឌីយោទូរទស្សន៍ជាតិកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងនិស្សិតជាច្រើននាក់ទៀត។
លោក ប៉ាង ណាត អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាថ្លែងថា នេះជាលើកទី៣ហើយ ដែលទូរទស្សន៍ជាតិកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតនេះឡើង ដោយមានការសហការជាមួយបណ្តាវិទ្យាស្ថានបច្ចេកទេស និងសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត និងគាំទ្រកម្មវិធីពីសប្បុរសជនជប៉ុន។ ការប្រកួតលើកនេះ ក៏ជាការត្រៀមលក្ខណៈដើម្បីបន្តការរៀបចំនៅឆ្នាំក្រោយៗទៀត ក្នុងគោលបំណងជួយជំរុញនិស្សិតកម្ពុជា មានលទ្ធភាពក្នុងការឈានទៅចូលរួមប្រកួតប្រជែងរ៉ូបូតកម្រិតអន្តរជាតិ។ ប្រធានបទនៃការប្រកួតប្រជែងរ៉ូបូតលើកទី៣ ឆ្នាំ២០១៦នេះគឺ «ការយកអំណោយជូនជនរងគ្រោះ» មានន័យថា រ៉ូបូតនីមួយៗរបស់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៦នេះ គឺបានដើរតួជាបុគ្គលិកភ្នាក់ងារ នៃភ្នាក់ងារជួយជនរងគ្រោះ ព្រោះឆ្នាំនេះនិស្សិតមានលទ្ធភាពបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផលិតរ៉ូបូតមានដៃអាចចាប់វាបាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការប្រកួតរ៉ូបូតលើកទី៣នេះ មានបេក្ខជនចូលរួមប្រកួតកើនឡើង ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់យុវជនយើងលើវិស័យបច្ចេកវិទ្យា ក៏ដូចជាការបង្ហាញពីការរីកចម្រើនលើការងារបច្ចេកវិទ្យាក្នុងចំណោមយុវជនរបស់យើង។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ណាស់ក្នុងការជំរុញវិស័យបច្ចេកវិទ្យានេះ ព្រោះថាសេដ្ឋកិច្ចនៅទសវត្សរ៍ទី២១នេះ គឺជាសេដ្ឋកិច្ចផ្អែកលើពុទ្ធិ ទន្ទឹមនេះដែរសេដ្ឋកិច្ចផ្អែកលើពុទ្ធិ គឺផ្អែកលើសេវា និងការច្នៃប្រឌិត ហើយសតវត្សរ៍ទី២១នេះ ជាដំណាក់កាលទី៤ នៃបដិវត្តបច្ចេកវិទ្យាជាដំណាក់កាលទី៤ នៃបដិវត្តឧស្សាហកម្ម នៃការបង្កើតបញ្ញាញាណសិប្បនិមិត្ត។ នេះជាការសំខាន់ណាស់ដើម្បីស្វែងការយល់ដឹងអំពីបញ្ហារ៉ូបូតនេះ ដែលពីមុនមិនគ្រាន់តែរត់តាមខ្សែ និងឈានដល់ស្គាល់ពណ៌ទៀតផង ដែលទាំងនេះទាល់តែមានការយល់ដឹងច្រើន ផ្អែកលើបញ្ញាញាណសិប្បនិមិត្ត។ ដូច្នេះការគិតរបស់វាមានតម្លៃខ្ពស់ណាស់ ដែលយើងត្រូវយល់ថា ពិភពលោកបានដើរយ៉ាងលឿន។ ក្រសួងព័ត៌មានសូមរីករាយចំពោះកម្រិតយល់ដឹង ក៏ដូចជាស្ទាយច្នៃប្រឌិតរបស់ក្មួយៗទាំងអស់លើបច្ចេកវិទ្យារបស់យើងកាន់តែរីកលូតលាស់ឈានទៅទាន់ប្រទេសនៅជិតខាងយើង។ ក្នុងនាមក្រសួងព័ត៌មានសូមជូនពរឱយក្មួយទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួតរ៉ូបូតឆ្នាំ២០១៦នេះ។
តាមការលើកឡើងរបស់លោក ប៉ាង ណាត បានឱ្យដឹងថា ការប្រកួតឆ្នាំនេះមានចំនួន ៣វគ្គ គឺត្រូវប្រកួតរយៈពេលពេញមួយគឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ។ ការប្រកួតវគ្គទី១មាន ១៣ពូល ស្មើនឹង ៤២ប្រកួត។ បន្ទាប់ពីប្រកួតជុំទី១ គណៈកម្មការបច្ចេកទេស និងចាប់ផ្តើមប្រកួតវគ្គទី២ និងវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅពេលរសៀល។ វគ្គទី២មាន ៤ពូល ស្មើនឹង ១៥ប្រកួត។ ចំពោះវគ្គផ្តាច់ព្រ័ត្រមានមួយពូល គឺប្រកួតវិលជុំចំនួន ៦ប្រកួត។ ថេរវេលាមួយប្រកួតមាន ៣នាទី និង១៥នាទី ក្នុងនោះការត្រៀមរៀបចំមានរយៈពេល ១៥នាទី។ រ៉ូបូតណាបានទៅដល់ទីមុនគេ ហើយទទួលបានពិន្ទុច្រើនជាងគេនឹងទទួលបានជ័យជម្នះលើគូប្រកួត។ ចំពោះជ័យលាភី គណៈកម្មការប្រកួតកំណត់ជ័យលាភីចំនួន ៥ប្រភេទ៖ ជ័យលាភីលេខ១ គឺជាជ័យលាភីនៃការប្រកួតប្រជែងរ៉ូបូតឆ្នាំ២០១៦នៅកម្ពុជា។ ជ័យលាភីលេខ២ គឺជាជ័យលាភីកម្រិតបន្ទាប់។ ក្រៅពីនេះនូវមានជ័យលាភីចំនួន ៤ទៀត គឺជ័យលាភីគំនិតច្នៃប្រឌិត ជ័យលាភីផ្នែកវិស្វកម្ម ជ័យលាភីលើការរចនា និងជ័យលាភីលើផ្នែកបច្ចេកវិទ្យា៕


Tags:

Facebook Comment

Show Buttons
Hide Buttons