តម្លៃថ្មី ប័ណ្ណបើកបរយានយន្ត និងប្តូរ ពន្យារប័ណ្ណបើកបរគ្រប់ប្រភេទ ព្រមទាំងតម្លៃឈៀកថ្មី

547 Views
January 23, 2016


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានចេញសេចក្តីសម្រេចរួមគ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លើការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះ រួមមានការប្រឡងយកប័ណ្ណបើកបរយានយន្ត និងប្តូរ ពន្យារប័ណ្ណបើកបរ តម្លៃធ្វើស្លាកលេខម៉ូតូ ឡានថ្មី ព្រមទាំងតម្លៃឈៀករថយន្ត ជាដើម។
សេចក្តីសម្រេច បង្ហាញថា ការប្រឡងយកប័ណ្ណបើកបរទោចក្រយានយន្ត ប្រភេទ ក ( ម៉ូតូ ចាប់ពី ១២៦ CC ឡើងទៅ ) តម្លៃ ៣ម៉ឺនរៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) មានសុពលភាព ១០ ឆ្នាំ។ ចំណែការប្រឡងយកប័ណ្ណបើកបរឡើងវិញ ទោចក្រយានយន្ត ប្រភេទ ក ( ប្រឡងឡើងវិញ ក្រោយពីប្រឡងលើកមុន ធ្លាក់ ) ត្រូវបង់ថ្លៃ ប្រឡងទ្រឹស្តី ៥ពាន់រៀល និងថ្លៃប្រឡងដៃចង្កូត ៧៥០០ រៀល។ ចំណែកការប្តូរ ពន្យារ ប័ណ្ណបើកបរទោចក្រយានយន្ត ប្រភេទ ក តម្លៃ ២ម៉ឺនរៀល។
ចំណែកការប្រឡងយកប័ណ្ណបើកបររថយន្តប្រភេទ ខ ( រថយន្តគ្រួសារ ៤ កៅអី ) តម្លៃ ៩ ម៉ឺនរៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) មានសុពលភាពរយៈពេល ១០ ឆ្នាំ។ ប្រឡងយកប័ណ្ណបើកបរឡើងវិញ រថយន្តប្រភេទ ខ បង់ថ្លៃប្រឡងទ្រឹស្តី ២ម៉ឺនរៀល និងប្រឡងដៃចង្កូត ៣ម៉ឺនរៀល។
ប្រឡងយកប័ណ្ណបើកបររថយន្ត ប្រភេទ គ ឃ តម្លៃ ៩៥.០០០ រៀល។ ប្រឡងយកប័ណ្ណបើកបររថយន្ត ប្រភេទ ង តម្លៃ ១០ម៉ឺនរៀល។
ក្នុងនោះ រាល់ការប្តូរ ពន្យារប័ណ្ណបើកបររថយន្តគ្រប់ប្រភេទ តម្លៃ ៣ ម៉ឺនរៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ ( ថ្ងៃធ្វើការ )។ រីឯការបញ្ជាក់ប័ណ្ណបើកបរ ជាភាសាបរទេស តម្លៃ ២៥.០០០ រៀល។
ចំណែកការចុះបញ្ជីយានយន្ត ( ធ្វើស្លាកលេខថ្មី និងប័ណ្ណសម្គាល់យានយន្ត ) ក៏ត្រូវបានប្រកាសនោះ កំណត់ថា ការចុះបញ្ជីទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ថ្លៃ ៤ ម៉ឺនរៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) សុពលភាព អចិន្ត្រៃយ៍។ ការចុះបញ្ជីរ៉ឺម៉ក ( ទោចក្រយានយន្ត ) ថ្លៃ ៣ម៉ឺនរៀល។ ផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ក្នុងរាជធានី ខេត្ត ( កាត់ឈ្មោះផ្ទេរកម្មសិទ្ធិ) ថ្លៃ ២៨.០០០ រៀល។ ផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ឆ្លងរាជធានីខេត្ត តម្លៃ ៤ម៉ឺនរៀល។ ផ្ទេរកម្មសិទ្ធិ រ៉ឺម៉ក ( ទោចក្រយានយន្ត ) ក្នុងរាជធានី ខេត្ត តម្លៃ ២៨.០០០ រៀល និងឆ្លងខេត្តរាជធានី តម្លៃ ៤ម៉ឺនរៀល។
រីឯការប្តូរប័ណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ថ្លៃ ៣១.០០០ រៀល។ ប្តូរស្លាកលេខទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ឬរ៉ឺម៉ក ថ្លៃ ៣១.០០០ រៀល។
ចំណែកការចុះបញ្ជីរថយន្តធុនតូច ថ្លៃ ១២៥.០០០ រៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ មានសុពលភាព អចិន្ត្រៃយ៍។ រីឯការចុះបញ្ជីរថយន្តធុនធំ ថ្លៃ ១៥៥.០០០ រៀល។ រីឯការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ក្នុងរាជធានី ខេត្ត តម្លៃសេវា ៤៨.០០០ រៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) មានសុពលភាព អចិន្ត្រៃយ៍។ រីឯការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឆ្លងរាជធានីខេត្ត ថ្លៃ ១០១.០០០ រៀល។ ផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ក្នុងរាជធានីខេត្ត ថ្លៃ ៦៧.០០០ រៀល និងឆ្លងរាជធានីខេត្ត ថ្លៃ ១២៥.០០០ រៀល។
រីឯការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថា ឈៀក ក៏ត្រូវបានកំណត់ថ្មីដែរ។ ក្នុងនោះ ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ថ្លៃ ៧.០០០ រៀល រយៈពេល ៣ ថ្ងៃ មានសុពលភាព ១ ឆ្នាំ។ រីឯរថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ថ្មីគ្រប់ប្រភេទ ថ្លៃ ៣៦.០០០ រៀល រយៈពេលផ្តល់សេវា ១ម៉ោង និងមានសុពលភាព ៤ ឆ្នាំ។ ចំណែករថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ផ្ទុកត្រឹម ៤ នាក់ ថ្លៃ ៤២.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង សុពលភាព ២ ឆ្នាំ។ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ផ្ទុកពី ៥ នាក់ ទៅ ៩ នាក់ ( មិនធ្វើអាជីវកម្ម ) ថ្លៃ ៤៨.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង និងមានសុពលភាព ២ ឆ្នាំ។ រថយន្តទេសចរណ៍ ( តាក់ស៊ី ) ផ្ទុកចាប់ពី ៥ នាក់ ដល់ ៩ នាក់ឡើង តម្លៃ ៤៨.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង និងមានសុពលភាព ១ ឆ្នាំ។
រីឯរថយន្តដឹកអ្នកដំណើរ ដឹកទំនិញ ធ្វើអាជីវកម្ម ប្រភេទរថយន្តធំៗ ផ្ទុកចាប់ពី ១០ នាក់ឡើង ក៏ត្រូវបានរាយតម្លៃក្នុងតារាងជាក់លាក់ ដោយមានតម្លៃចាប់ពី ៣ម៉ឺនរៀល រហូតដល់ខ្ពស់បំផុត ៦៦.០០០ រៀលប៉ុណ្ណោះ។
សូមរម្លឹកថា កន្លងមក តម្លៃឈៀករថយន្តទេសចរណ៍ លក្ខណៈគ្រួសារ ផ្ទុកត្រឹម ៤ នាក់ គឺមានតម្លៃដល់ទៅ ២០ ដុល្លារ ឬ ៨០.០០០ រៀល។ រីឯការធ្វើស្លាកលេខថ្មី សម្រាប់រថយន្តធុនតូច លក្ខណៈគ្រួសារ ផ្ទុកត្រឹម ៤ នាក់ មានតម្លៃដល់ ១០០ ដុល្លារ ទៅ ១១០ ដុល្លារ តាមការទារថ្លៃរបស់មន្ត្រីធ្វើស្លាកលេខរថយន្តទាំងនោះ ហើយមានរយៈពេល ១ ខែ និងអាចលើសពី ១ ខែទៀតផង។ ដោយឡែក ប័ណ្ណបើកបររថយន្តធុនតូច ឬប្រភេទ ខ គឺធ្វើថ្មី មានតម្លៃ ១២០ ដុល្លារ ឬ ១៨០ ដុល្លារ ទៅតាមមន្ត្រី ទារ។ រីឯការប្តូរប័ណ្ណបើកបររថយន្តធុនតូច ប្រភេទ ខ ដែលហួសសុពលភាព គឺថ្លៃ ២៨ ដុល្លារ សម្រាប់ប័ណ្ណបើកបរ ចេញនៅរាជធានីភ្នំពេញ និងថ្លៃ ៣៥ ដុល្លារ សម្រាប់ប័ណ្ណបើកបរ ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូន៕


Facebook Comment

Show Buttons
Hide Buttons