តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហូរ វ៉ាន់ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​បាត់​តាម​ច្រក​ដូង​ស្រុក​កំរៀង ខេត្តបាត់ដំបង​,​បើ​ហ៊ាន​នៅជាប់​គុក​មែន​តើ​!

2547 Views
September 12, 2017


ភ្នំពេញ​: លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ តាម​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា​មក​ម្លេះ​។​លោក ហូរ វ៉ាន់ ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ ចាកចេញ​ម្នាក់ឯង​ប៉ុណ្ណោះ ក្នុង​សំលៀកបំពាក់​ស៊ីវិល​ធម្មតា មិនមាន​អ្នក​ជូន​ដំណើរ​នោះទេ​។​មិនឱ្យ​ចាកចេញ​យ៉ាងម៉េច​បើ​ហ៊ាន​នៅជាប់​គុក​មែន​!​។​នេះ​ជាការ​បញ្ជាក់​របស់​សម​ត្ថ​កិច្ច​ប្រចាំការ​នៅ​ច្រកព្រំដែន​។​ការ​បណ្ដោយឱ្យ​លោក​ហូរ វ៉ាន់ ចាកចេញ​ខាងលើនេះ​ជា​របៀប​ប្រឡាយ​ខ្សែ​ឱ្យ​វែង​របស់​សមត្ថកិច្ច​តែប៉ុណ្ណោះ​។​

ពាក់ព័ន្ធ​ករណីនេះ​សម្ដេច​តេ​ជោ​បាន​លើកឡើងថា​៖​ថ្មីៗ​នេះ​មាន​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្សប្រឆាំង បាននិងកំពុង​ភ័យ​ខ្លួន ហើយ​រត់គេច​ពី​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តាម​ច្រក​កំរៀង ខេត្តបាត់ដំបង កាល​គ្រា​ដែល​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ក្នុង​សំណុំរឿង លោក កឹម សុខា​។​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ក្រោយពី​ព្រមាន​ប្រើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើសិន​ជាមាន​ការពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ក្នុង​ក្របខណ្ឌ​គណបក្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា តំណាងរាស្ត្រ​ដែល​បាន​រត់គេច​នោះ មានការ​ពាក់ព័ន្ធ​នឹង​ការចែក​នំប៉័ង​ដល់​បាតុករ កាលពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​។ បាតុកម្ម​នោះ​ត្រូវបាន​គេ​សង្ស័យថា បង្កើតឡើង​ក្រោម​ការឃុបឃិត​ជាមួយ​បរទេស ដូច​ការ​បង្ហើប​នៅក្នុង​វីដេអូ​របស់ លោក កឹម សុខា នា​ថ្មីៗ​នេះ​។​សម្តេច​បាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីៗ​ដែល​បាន​កើតឡើង​កន្លង​ទៅនោះ មុខមាត់​យើង​បាន​រកឃើញ​ហើយ​។ ហើយ​សូមអ្នក​ដែល​បាន​ឆ្លងដែន​នៅ​ម៉ោង​៥​និង​២០​នាទី (​ល្ងាច​) ថ្ងៃទី​១០​ខែកញ្ញា​ជា​តំណាងរាស្ត្រ​ដែល​រត់​ចេញទៅ​ប្រទេស​ថៃ គួរ​ត្រឡប់មកវិញ​។ ព្រោះ​ខ្លួនឯង​មានឈ្មោះ​ក្នុង​បញ្ជី​ចែក​នំប៉័ង​ឆ្នាំ​២០១៣​។​ក្នុងនោះ​ក៏មាន​អ្នក​មួយចំនួនទៀត​ក៏​រត់ចេញ​ដែរ​។​សម្តេច​តេ​ជោ​ថ្លែងបន្តថា​៖​ទោះបី​ជាមាន​អ្នកក្លាហាន ហើយ​ក្ដី​ក៏មាន​អ្នក​ភ័យ​ដែរ​ព្រោះ​រឿង​វា​មិនតូច​ទេ​។ ដូច្នេះ នៅពេល​ឆ្លងដែន​កុំ​ស្មានថា​គេ​មិនដឹង គឺ​ឆ្លង​នៅ​ម៉ោង​៥​និង​២០​នាទី ឆ្លង​នៅ​ច្រក​កំរៀង ទៅ​ប្រទេស​ថៃ​។ បើ​គេ​ត្រូវ​ការយក យើង​ក៏​អាច​សហការ​ជាមួយ​ប្រទេស​ថៃ ក្នុងការ​នាំយក​មកវិញ​បានដែរ​៕


Facebook Comment

Show Buttons
Hide Buttons