សហរដ្ឋអាមេរិកសរសើរស៊ូដង់ខាងត្បូងដែលបានបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយ Kim Jong-un
អ្នកនាំពាក្យផ្នែកកិច្ចការរដ្ឋរបស់សហរដ្ឋអាមេរិក Heather Nauert បានសរសើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដែលបានបញ្ចប់កិច្ចសហប្រតិបត្តិការផ្នែកយោធា និងពាណិជ្ជកម្មជាមួយនឹងប្រទេសកូរ៉េខាងជើង។
ជាមួយគ្នាដែរអ្នកនាំពាក្យសហរដ្ឋអាមេរិករូបនេះបង្ហាញកាលពីព្រហស្បត្តិ៍ម្សិលមិញថា៖ “សហរដ្ឋអាមេរិកពិតជាស្វាគមន៍ចំពោះរដ្ឋាភិបាលស៊ូដង់ខាងត្បូងដែលបានផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើង”។
យ៉ាងណាមិញការលើកឡើងរបស់អ្នកនាំពាក្យសហរដ្ឋអាមេរិកគឺបានសង្កត់ធ្ងន់ទៅលើការទាមទារសន្តិភាព និងការរក្សាសន្តិសុខក្នុងពិភពលោកដែលកន្លងមកបានទទួលរងការគំរាមគំហែងពីប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថាភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ គឺបានធ្វើឲ្យពិភពលោកជាពិសេសក្រោមស្លាកសញ្ញាអង្គការសហប្រជាជាតិចាត់វិធានការណ៍លើប្រទេសមួយនេះ ដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីឲ្យរដ្ឋឯកោមួយនេះបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយជាពិសេសសហរដ្ឋអាមេរិកក៏បានត្រៀមនាវាផ្ទុកយន្រហោះចម្បាំងចំនួន 3 គ្រឿងផងដែរនៅក្នុងឧបទ្វីបកូរ៉េ ក្នុងហេតុផលការពារសន្តិសុខតំបន់៕
ប្រភព៖ Sputnik
ដោយ៖ វិសាល