សម្ដេចតេជោ៖ ការកាត់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះ គ.ជ.ប គឺជាការ រួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានហៅការកាត់ជំនួយរបស់សហរដ្ឋអាមេរិក ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាជាការរួមចំណែកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការនៃបណ្ដារោងចក្រចំនួន ៤៦២៦នាក់ មកពីរោងចក្រសហគ្រាសចំនួន៦៩ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំស្វាគមន៍ចំពោះអាម៉េរិកដែលបានកាត់ជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានសេចក្ដីថាអ្នកឯងនិយាយពីលទ្ធិប្រជាធិបតេយ្យ ហើយអ្នកឯងកាត់ជំនួយពីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដូច្នេះទន្ទឹមនឹងអ្នកឯងផ្ដួលខ្ញុំមិនដួលហើយ អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជា- ធិបតេយ្យនៅកម្ពុជាថែមទៀត។
ម្យ៉ាងទៀតយកល្អអំពាវនាវឱ្យអាម៉េរិកកាត់ជំនួយទាំងអស់នៅកម្ពុជាតែម្ដង ព្រោះតែពេលណាកាត់ទៅវាសម្លាប់អង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្រុកទាំងអស់ ពិសេស NGO ដែលកំពុង បំផ្លាញយើងសព្វថ្ងៃដូច្នេះសម្លាប់កូនខ្លួនឯងតែម្ដងទៅ។ ជាងនេះទៀតយើងមិនទាន់ធ្វើសវនកម្មផងថាតើយក លុយមកកម្ពុជាចំណាយទៅលើអ្វីខ្លះបន្តិចទៀតយើងនឹងធ្វើសវនកម្មបើចំណាយដើម្បីបំផ្លាញកម្ពុជាគឺមិនបាន នោះទេ។ ដូច្នេះត្រូវធ្វើឱ្យច្បាស់លើរឿងនេះព្រោះកម្ពុជាធ្លាប់ស៊ីគល់ចេកដើម្បីវាយបណ្ដេញពួកប៉ុលពត កុំមក គំរាមកាត់ជំនួយនេះឬជំនួយនោះគឺមិនបានទេ”។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនអាចឱនក្បាលធ្វើឱ្យបាត់ឯករាជ្យអធិបតេយ្យ ជាតិ គ្រាន់តែចង់បាន ជំនួយបន្តិចបន្តួចនោះទេ។ សម្ដេចបន្តថា “គេកាត់ជំនួយមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា(CMAC) ខ្ញុំបានប្រាប់ CMAC ឱ្យប្រកាសភ្លាមថា រាជរដ្ឋាភិបាលដាក់លុយជំនួស បន្ទាប់មកខ្ញុំបានចរចារជាមួយប្រទេសចិន ហើយ ចិនមិនត្រឹមតែដាក់លុយជំនួយជំនួសអាម៉េរិកសម្រាប់ CMAC នោះទេ ចិនបានប្រកាសថា នឹងផ្ដល់អាទិភាព សម្រាប់ការដោះមីន និងបំផ្លាញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា មានអីគេដាក់លុយមកវិញព្រោះខ្លាចចិន មកអង្គុយជំនួសកៅអីរបស់ខ្លួន។
ខ្ញុំនិយាយនេះវាមិនមែនជាការឌឺដងអ្វីនោះទេ ក៏ប៉ុន្តែវាហួសហេតុពេក”។ សម្ដេចបានបន្ដទៀតថា “ខ្ញុំបាន និយាយជាមួយប្រធានាធិតីអាម៉េរិក ដូណាល់ត្រាំ នៅកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក អំពីការគោរព ឯករាជ្យ អធិបតេយ្យភាពប្រទេសនានា ប៉ុន្តែទូតអាម៉េរិកនៅភ្នំពេញអត់គោរព”។ ជាមួយនឹងសាលដីកា រំលាយគណបក្សសង្គ្រោះជាតិ របស់តុលាកំពូលកាលពីពេលកន្លមកថ្មីៗនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសរបស់យើងមិនមានវិបត្តិនយោបាយទេ មានតែអ្នកនយោបាយជួបវិបត្តិខ្លួនឯងតែ ប៉ុណ្ណោះ។ ប្រទេសរបស់ យើងគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ ឌតែប៉ុណ្ណោះ។សម្ដេចក៏បានផ្ដាំផ្ញើទៅអ្នកការទូតមួយចំនួន ត្រូវពិនិត្យមើលអង្គហេតុ និងអង្គច្បាប់ ព្រោះថា រឿងនេះ មិនមែនជារឿងនយោបាយនោះទេ គឺជារឿងច្បាប់សុទ្ធសាធ៕
ប្រភព៖ akp