ទាំងកណ្តាលថ្ងៃត្រង់ កងកម្លាំងខេត្តកណ្តាលចុះ បង្រ្កាបវង់ល្បែងជល់មាន់
កាលពីវេលាម៉ោង ១១ និង ១៥ នាទីថ្ងៃទី១៩ ខែវិច្ឆិការម្សិលមិញនេះកងកម្លាំងអាវុធហត្ថខេត្តកណ្តាលចំនួន 7 រូប ដឹកនាំដោយលោក វីរសេនីយត្រីយ៍ អ៊ូផល្លី មេបញ្ជាការស្រុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ជល់មាន់ នៅក្នុងចំណុចដីទួលលោកតាទួលអន្សែក្នុងភូមិលេខ2ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាល។
បន្ទាប់ពីប្រតិបត្តិការយ៉ាងសកម្មកងកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់ ដែលក្នុងនោះទីមួយមានឈ្មោះ ព្រឿង ចំរ៉ុងភេទប្រុសអាយុ40មុខរបរកម្មកររោងចក្រមានទីលំនៅភូមិលេខ1ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាល និងទីពីរឈ្មោះង៉ែតងីមភេទប្រុសអាយុ54ឆ្នាំមុខរបរចិញ្ចឹមមាន់លក់មានទីលំនៅភូមិលេខ2ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្តាល។
ចំណែកឯវត្ថុតាំងចាប់យករួមមាន៖ មាន់ជល់ចំនួន2ក្បាល និងកន្រ្តកដាក់មាន់ចំនួន2 និងម៉ូតូចំនួន5គ្រឿង ដែលកងកម្លាំងអាវុធហត្ថខេត្តកណ្តាលប្រមូលបានពីទីតាំងជនសង្ស័យកំពុងតែប្រព្រឹត្តល្បែងស៊ីសង។
គួរបញ្ជាក់ថាការបង្រ្កាបនេះគឺកងកម្លាំងអាវុធហត្ថខេត្តកណ្តាលបានសហការជាមួយប្រជាពលរដ្ឋយ៉ាងជិតស្និត បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កងកម្លាំងអាវុធហត្ថខេត្តបានដឹកនាំកងកម្លាំងចុះទៅទាំងកណ្តាលថ្ងៃត្រង់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងតែត្រូវបានឃាត់ខ្លួននៅក្នុងទីបញ្ជាការអាវុធហត្ថខេត្ត កំពុងរង់កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕