សភាថាត្រៀមតែងតាំងសមាជិក គ.ជ.ប.ថ្មី ខណៈសមាជិកកូតាបក្សប្រឆំាងសុំលាលែង
រដ្ឋសភាបានឲ្យដឹងថា ស្ថាប័នកំពូលនេះកំពុងត្រៀមជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីសមាជិក គ.ជ.ប. ៣រូបកូតាគណបក្សប្រឆាំង បានស្នើសុំលាលែងពីតួនាទី ក្រោយការរំលាយបក្សប្រឆាំង។
អនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ សម្រាប់ដឹកនាំស្ថាប័នបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០១៤នោះ បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃម្សិលមិញនេះ។
មេដឹកនាំ គ.ជ.ប.ទាំង ៣រូប បានលើកឡើងនៅក្នុងលិខិតស្នើសុំលាលែងពីតំណែងនោះថា ការរំលាយគណបក្សសង្គ្រោះជាតិ និងបែងចែកអាសនៈជាប់ឆ្នោតរបស់បក្សនេះទៅឲ្យបក្សផ្សេងទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យនោះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងបានរំលោភលើឆន្ទៈរបស់ប្រជាពលរដ្ឋ។
ការលាលែងពីតំណែងរបស់មេដឹកនាំ គ.ជ.ប. ទាំង ៣រូបនេះ បាននាំឲ្យមានការចោទសួរអំពីដំណើរការនាពេលអនាគតរបស់ស្ថាប័នបោះឆ្នោតជាតិ ដែលត្រូវបានកែទម្រង់នៅក្រោយការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់នៅឆ្នាំ២០១៣កន្លងមកនោះ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ VOD នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា រដ្ឋសភាបានទទួលលិខិតពីសមាជិក គ.ជ.ប. បីរូបដែលសុំលាលែងពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ ដោយថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការសុំលាលែងពីតួនាទី គឺជាសិទ្ធិរបស់បុគ្គល។
លោក ឡេង ប៉េងឡុង បានអះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិនិត្យសំណើរនោះរួចហើយ ហើយថា រដ្ឋសភាកំពុងត្រៀមជ្រើសរើសសមាជិក គ.ជ.ប.ថ្មី សម្រាប់ជំនួសអ្នកទំាងបីរូបនោះ មិនឲ្យផុតពីកន្លះខែនោះទេ។
ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
លោកមានប្រសាសន៍ថា៖ «យើងកំពុងធ្វើ យើងកំពុងដំណើរការជ្រើសរើសអ្នកជំនួស[សមាជិក គ.ជ.ប បីរូប] បើតាមច្បាប់ប្រហែល១៥ថ្ងៃ»។
ទោះជាយ៉ាងណា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា បានពន្យល់ថា តាមនីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយដែលមិនជាប់ឆ្នោតចំនួន ៦នោះបាន លុះត្រាតែ គ.ជ.ប. មានសមាសភាព ៩រូប ដើម្បីប្រជុំសម្រេចលើរបៀបវារៈផ្សេងៗ ជាមួយសំឡេង ៥០ បូក ១ បាន បើទោះបីអវត្តមានសមាជិកបីរូបក៏ដោយ។
ផ្ទុយទៅវិញ លោក សុធារ៉ា បញ្ជាក់ថា ករណី គ.ជ.ប. បច្ចុប្បន្ននេះ មានតែសមាសភាព ៦រូប ខណៈ ៣រូបទៀតសុំលាលែងពីតំណែង លោកថា តាមច្បាប់ គ.ជ.ប. ខ្វះភាពស្របច្បាប់ និងមិនអាចប្រជុំបែងចែកអាសនៈបក្សប្រឆំាងទៅឲ្យបក្សផ្សេងបាននោះទេ។
លោកពន្យល់ថា៖ «គ.ជ.ប. ត្រូវតែមានសមាភាព ៩រូប ឲ្យពេញសមាសភាព គ.ជ.ប. ជាសមាសភាពរបស់ គ.ជ.ប. ពេញលេញ ហើយការអនុម័តសម្រេចទៅលើកិច្ចប្រជុំណាមួយ ទោះបីជាមានត្រឹមតែ ៥០ បូក ១ ក៏ គ.ជ.ប. អាចធ្វើបាន អវត្តមានសមាជិក ២ ឬ ៣នាក់ក៏អាចធ្វើបាន ប៉ុន្តែ មិនមែនបាត់បង់សមាជិកភាពទេ តាមការយល់ឃើញរបស់ខ្ញុំ គឺកាលៈទេសៈនេះ គ.ជ.ប. នៅខ្វះភាពស្របច្បាប់ដោយសាសមាជិករបស់ខ្លួន បានលាលែង»។
លោក ហ៊ីង ធីឫទ្ធិ គឺជាសមាជិកមួយរូបទៀតនៃថ្នាក់ដឹកនាំ គ.ជ.ប. ដែលជ្រើសរើសដោយគណបក្សប្រឆាំងនោះ ប៉ុន្តែ ឈ្មោះលោកពុំមាននៅក្នុងលិខិតស្នើសុំលាលែងពីតំណែងកាលពីថ្ងៃម្សិលមិញនោះឡើយ។
គ.ជ.ប. បានប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកាថា អាសនៈសភាចំនួន ៥៥របស់បក្សប្រឆាំង នឹងត្រូវបែងចែកទៅគណបក្សចំនួន ៦ ដែលពុំទទួលបានអាសនៈសភានៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣កន្លងមក។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ដោយថា ប្រទេសនេះបានឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ ក្រោយពីបង្ក្រាបទៅលើបក្សប្រឆាំង៕