វិបត្តិជនជាតិរ៉ូហ៊ីងយ៉ាកំពុងតែរុញមីយ៉ាន់ម៉ាចេញពីអាមេរិកឲ្យទៅស្និទ្ធជាមួយចិន
បច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការប្រើអំពើឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងកាន់សាសនាឥស្លាមនៅក្នុងរដ្ឋរ៉ាក់ឃីន។ នៅក្នុងចំណោមប្រទេសដែលដាក់សម្ពាធខ្លាំងលើមីយ៉ាន់ម៉ានោះមានប្រទេសអាមេរិកដែលចេញមុខខ្លាំងជាងគេ។
លោកស្រីអ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និង លោក ស៊ី ជីនពីង មេដឹកនាំចិន
វិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ផ្តើមផ្ទុះឡើងកាលពីខែសីហាដោយពួកយោធាមីយ៉ាន់ម៉ាចោទថា កម្លាំងបះបោររ៉ូហ៊ីងយ៉ាបើកការបាញ់ប្រហារលើប៉ុស្តិ៍នគរបាល ហើយយោធាក៏បើកការវាយប្រហារសងសឹកវិញ រហូតដល់មានការដុតផ្ទះ បាញ់សម្លាប់ ធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ ហើយបានបណ្តាលឲ្យជនជាតិភាគតិចនេះជាង ៦០០ ០០០នាក់រត់គេចចេញពីប្រទេសឆ្លងដែនទៅបង់ក្លាដេស។
បើទោះជាមានការបកស្រាយពីរដ្ឋាភិបាលមីយ៉ាន់ម៉ាជាញឹកញាប់ថា យោធាមិនបានបង្ក្រាបលើជនស៊ីវិលរ៉ូហ៊ីងយ៉ាគឺបង្ក្រាបតែលើក្រុមបះបោរក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ ប្រទេសកាន់របបសេរី និង មានការគោរពសិទ្ធិមនុស្ស មានទាំងសហរដ្ឋអាមេរិកផងបានថ្កោលរដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តបន្ទាប់លើករណីនេះ ហើយជំរុញឲ្យមានការដោះស្រាយជាបន្ទាន់។

កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកលោក រិច ធារ៉ឺសិន បានថ្លែងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែធ្វើសកម្មភាពបោសសម្អាត ឬ សម្លាប់ឲ្យផុតពូជជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោកបន្តថា អាមេរិកកំពុងតែតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ហើយអាចនឹងមានការដាក់ទណ្ឌកម្ម។
ពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង រហូតដល់អាមេរិកបានហាមមន្ត្រីរបស់ខ្លួនមិនធ្វើដំណើរទៅកាន់រដ្ឋរ៉ាក់ឃីនមួយរយៈដោយបារម្ភខ្លាចមានការតវ៉ាផ្ទុះឡើង ដោយសារការប៉ះគ្នាដោយពាក្យសម្តីនេះ។
កាលពីខែតុលាកន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានប្រកាសផ្តាច់ជំនួយនានាដល់យោធាមីយ៉ាន់ម៉ាដោយចោទថា ក្រុមនេះបានរំលោភបំពានធ្ងន់ធ្ងរលើជនជាតិភាគតិចរ៉ូហ៊ីង។
ករណីនេះ ត្រូវបានគេមើលឃើញថា កំពុងតែធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ប្រទេសមីយ៉ាន់ម៉ា។
យើងពិនិត្យមើលការប្រែប្រួលនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកអាមេរិក និង ប្រទេសមីយ៉ាន់ម៉ាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺអាមេរិកចាប់ផ្តើមប្រឈមមុខដាក់គ្នាខ្លាំងជាមួយមីយ៉ាន់ម៉ានៅឆ្នាំ១៩៨៨ នៅពេលដែលយោធាធ្វើរដ្ឋប្រហារនិង ប្រើអំពើហិង្សាលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ទំនាក់ទំនងរវាងអាមេរិកនិងមីយ៉ាន់ម៉ាហាក់មានភាពប្រសើរឡើងវិញនៅឆ្នាំ២០១២ នៅពេលដែលមេដឹកនាំរដ្ឋាភិបាលពាក់កណ្តាលស៊ីវិល លោក ថេន សេន ព្យាយាមស្វែងរកការទំនាក់ទំនងជាមួយបណ្តាលលោកសេរី ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផង។ ពេលនោះសហរដ្ឋអាមេរិកដកទណ្ឌកម្មនានា ហើយងាកមកផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
ទន្ទឹមនឹងការស្វែងរកការជួយជ្រោមជ្រែងពីប្រទេសមហាអំណាចកាន់របបប្រជាជាធិបតេយ្យនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានធ្វើកំណែទម្រង់ឲ្យមានការគោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់។
ប៉ុន្តែបញ្ហាប្រឈមលើវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហាក់ធ្វើឲ្យអាមេរិកនិងមីយ៉ាន់ម៉ា មានការមិនទុកចិត្តគ្នា ហើយការទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយនាំឲ្យប្រទេសមីយ៉ាន់ម៉ា អាចងាកទៅរកការទំនាក់ទំណងជាមួយប្រទេសផ្សេងៗទៀត។

អ្នកវិភាគពីស្ថានភាពនៅអាស៊ីអាគ្នយ៍ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និង ការសិក្សាអន្តរជាតិមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកលោក Murray Hiebertថ្លែងថា ករណីដែលរដ្ឋមន្ត្រីការបរទេសអាមេរិកប្រើពាក្យការដាក់ទណ្ឌកម្មគឺមិនមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញធ្វើឲ្យការទំនាក់ទំនាក់កាន់តែរួមតួចទៅវិញ។
លោក Murray បន្តថា ការដែលសហរដ្ឋអាមេរិកផ្តាច់ជំនួយយោធាដល់មីយ៉ាន់ម៉ាជាផ្នែកមួយនៃការជំរុញឲ្យមីយ៉ាន់ម៉ាងាកទៅស្និទ្ធជាមួយប្រទេសចិន ប្រទេសរុស្ស៊ី និង ប្រទេសដឹកនាំតាមបែបផ្តាច់ការមួយចំនួនចំនួនទៀត។
កាលពីថ្ងៃពុធនៅក្នុងសប្តាហ៍នេះ ចិនបានថ្លែងថា ពួកចង់ឲ្យមានការទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាកាន់តែស្និទ្ធិជាងមុន។
នៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនលោក លី ហ្សួងចេង តំណាងឲ្យគណៈកម្មការកណ្តាលនៃយោធាចិនបានថ្លែងប្រាប់មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ថា ចិនកំពុងតែរៀបចំធ្វើឲ្យការទំនាក់ទំនងលើវិស័យការពារបស់ចិន និងមីយ៉ាន់ម៉ាកាន់តែប្រសើរឡើង។
លោក លីថ្លែងបញ្ចាក់ថា ក្នុងស្ថានភាពដែលសន្តិសុខនៅក្នុងតំបន់កំពុងតែមានភាពស្មុគស្មាញនោះ ចិននៅតែចង់សហការជាយុទ្ធសាស្ត្រជាមួយប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងស្ថានភាពបច្ចុប្បន្នអ្នកឃ្លាំងមើលយល់ឃើញថា ប្រទេសលោកសេរីកំពុងព្រួតគ្នាដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា បើទោះជាមីយ៉ាន់ម៉ាន់ម៉ាព្យាយាមបកស្រាយនិងសុំពេលសមស្របមួយដើម្បីដោះស្រាយបញ្ហានេះក៏ដោយក៏បណ្តាលប្រទេសលោកសេរីទាំងនោះហាក់មិនស្តាប់ដែរ។ ចំណែកប្រទេសកុម្មុនីស្តហាក់រំកិលខ្លួនកាន់តែជិតនិងផ្តល់ភាពកកិក្តៅឲ្យប្រទេសមីយ៉ាន់ម៉ា។ ក្នុងស្ថានភាពនេះងាយនឹងធ្វើឲ្យមីយាន់ម៉ារអិលចូលក្នុងក្រុមកុម្មនុយនីស្ត៕
ប្រភព៖ vod