អុញនោះ! ពលកម្មសិស្សខុសច្បាប់ត្រូវបានរកឃើញនៅរោងចក្រផលិត iPhone X
ក្រុមហ៊ុនAppleនិងដៃគូសហការដ៏ធំរបស់ខ្លួនបានសារភាពថា មាននិស្សិតចិនមួយចំនួនតូចបានធ្វើការលើសម៉ោងដែលបំពានទៅនឹងច្បាប់ការងារ។
និស្សិតស្មគ្រ័ចិត្តមួយចំនួនបានធ្វើការឲ្យក្រុមហ៊ុន Foxconn របស់ចិន លើសពី១១ម៉ោងក្នុងមួយថ្ងៃដែលជាកម្មសិក្សារបស់សាលា។
ក្រុមហ៊ុនAppleបានបញ្ជាក់ថា និស្សិតហាត់ការអស់ទាំងនោះពិតជាបានទទួលនូវអត្ថប្រយោជន៍និងសគុណមួយចំនួនមែន ប៉ុន្ដែពួកគេមិនគួរត្រូវបានគេអនុញ្ញាតឲ្យធ្វើការលើសម៉ោងនោះទេ។
កាលពីមុនក្រុមហ៊ុន Apple និង Foxconn ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទល្មើសពលកម្មដែរ ប៉ុន្ដែពួកគេបានព្យាយាមបញ្ចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីដៃគូសង្វាក់ផលិតកម្ម។
រឿងអាស្រូវនេះត្រួវបានប្រកាសក្នុងកំឡុងពេលដែលតម្រូវការទីផ្សាររបស់ iPhone X បានកើនឡើងរយៈពេលចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់ Financial Timesបានបង្ហាញថា និសិ្សតហាត់ការចិនចំនួន៦នាក់ដែលមានអាយុពី១៧ដល់១៩ឆ្នាំ ត្រូវបានសាលាបង្ខំឲ្យចូលរួមកម្មសិក្សានេះ ដែលជាតម្រូវការដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ។
Foxconn បាននិយាយថា៖ «ជាក់ស្ដែងគោលការណ៍របស់ក្រុមហ៊ុនយើងគឺមិនអនុញ្ញាតឲ្យនិសិ្សតហាត់ការធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៏នោះទេ ផ្ទុយទៅវិញសាលាមួយចំនួនបែរជាមិនមានការយកចិត្តទុកដាក់គោរពតាមបទបញ្ជានេះសោះ។»
ជាការឆ្លើយតបក្រុមហ៊ុនAppleបានបញ្ជូនបុគ្គលិករបស់គេ ដើម្បីទៅដោះស្រាយបញ្ហាទាំងនោះ។