ចម្លែកមែន! អាឡឺម៉ង់ហាមមិនឲ្យមាន smartwatch សម្រាប់ក្មេង
Smartwatches សម្រាប់ក្មេងត្រូវបានហាមឃាត់ឲ្យប្រើប្រាស់នៅប្រទេសអាឡឺម៉ង់ព្រោះវាត្រូវបានគេចាត់ទុកថាជា ឧបករណ៍តាមដាន។
មូលហេតុក្នុងការហាមប្រាមនេះ ក៏ស្រដៀងទៅនឺងការហាមឃាត់តុក្កតាកូនក្រមុំម៉ាក My Friend Cayla ដែលអាចភ្ជាប់ internet បាននោះដែរ។
Federal Network Agency បានជំរុញឲ្យអាណាព្យាបាលទាំងអស់កម្ទេចនាឡិកាទាំងនោះចោល។
លោក Ken Munro អ្នកជំនាញផ្នែកសុវត្ថិភាពនៅក្រុមហ៊ុន Pen Test Partners បាននិយាយថា៖ «ជាទូទៅឧបករណ៍នេះមានតួនាទីក្នុងការរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ ប៉ុន្ដែវាជារឿងមួយគួរឲ្យព្រួយបារម្ភសម្រាប់ក្មេងដោយសារតែប្រពន្ធ័GPS។»
ដោយសារការខ្វះខាតវិធានការចំពោះឧបករណ៍ដែលអាចភ្ជាប់ internet ទាំងនោះ ហេតុដូចនេះហើយទើបពួកគេបានដាក់លក់ផលិតផលដែលមិនមានសុវត្ថិភាពសម្រាប់ក្មេងៗ។
ក្រុមភ្នាក់ងារខាងលើបានចាត់វិធានការណ៍ចំពោះក្រុមហ៊ុនមួយចំនួនដែលអនុញ្ញាតឲ្យ app លើ internet ខ្លះអាចភ្ជាប់ទៅនឺងនាឡិកា នោះបាន។
យោងតាមការស្រាវជ្រាវ នាឡិការបស់ឪពុកម្តាយក៏ត្រូវបានគេប្រើដើម្បីលួចស្តាប់គ្រូនៅក្នុងថ្នាក់រៀនផងដែរ។ ដូច្នេះទីភ្នាក់ងារក៏បានស្នើឱ្យសាលារៀនយកចិត្តទុកដាក់បន្ថែមទៀតចំពោះប្រភេទនាឡិកានេះក្នុងចំណោមសិស្ស។
នាឡិកាអស់ទាំងនោះបានដាក់លក់នៅក្នុងប្រទេសអាឡឺម៉ង់ជាមួយគោលដៅសម្រាប់ក្មេងៗពីអាយុ៥ឆ្នាំដល់១២ឆ្នាំ។
ដោយឡែកឧបករណ៍ភាគច្រើនប្រើជាមួយស៊ីមសម្រាប់តែការទទួលឬហៅចេញតែប៉ុណ្ណោះ ហើយត្រូវបានគ្រប់គ្រងដោយ app មួយ។
កាលពីខែតុលាកន្លងទៅ Norwegian Consumer Council បានរាយការណ៍ថា គេបានរកឃើញថានាឡិការរបស់ក្មេងៗមួយចំនួនមានបំពាក់ទៅដោយប្រពន្ធ័ GPS ដែលមានកំហុសក្នុងការបញ្ជូនព័ត៌មាននិងទិន្និន័យផ្សេងៗ។
វាមានន័យថា ជនអនាមិកមួយចំនួនបានប្រើបច្ចេកវិទ្យា hack ចូលឧបករណ៍ទាំងនោះដើម្បីតាមដានសកម្មភាពរបស់ក្មេងៗនៅតាមទីតាំងផ្សេងៗ។
យ៉ាងណាមិញ វាមិនបានបង្ហាញពីភាពប្រាកដប្រជាណាមួយថា ការសម្រេចចិត្តក្នុងការហាមឃាត់នាឡិកាទាំងនោះបានពឹងផ្អែកទៅលើបញ្ហាសុវត្ថិភាពដែលបានរកឃើញឬកត្តាផ្សេងនោះទេ។
ប្រភព៖ bbc