ភ្នំភ្លើងនៅលើកោះបាលីប្រកាសអាសន្នអាចនឹងផ្ទុះឡើង
ក្តីបារម្ភរបស់អាជ្ញាធរនៅលើតំបន់កោះបាលីប្រទេសឥណ្ឌូនេស៊ីកាន់តែមានការកើនឡើងទ្វេរដងបន្ទាប់ពីរណ្តៅនៃភ្នំភ្លើង Agung កាន់តែមានអង្កត់ផ្ចិតរីកធំឡើងៗ ដែលអាចនឹងឈានទៅរកការផ្ទុះនាពេលខាងមុខឆាប់ៗនេះ។
ជាមួយគ្នានេះដែរអាកាសយាដ្ឋាននៅលើតំបន់កោះទេសចរណ៍មួយនេះក៏បានប្រកាសផ្អាកដំណើរការផងដែរ ហើយភ្ញៀវទេសចរភាគច្រើនដែលបានកក់ទីតាំងលំហែនៅលើកោះមួយនេះក៏បានផ្លាស់ប្តូរទិសដៅទៅកាន់ទីតាំងផ្សេងផងដែរ។
រហូតមកទល់នឹងពេលនេះគឺផ្សែងខ្មៅបានភាយចំហាយឡើងទៅលើមេឃរហូតទៅដល់កម្ពស់ 3400 ម៉ែត្រដែលចេញពីលើកំពូលភ្នំ ស្របពេលដែលទីភ្នាក់ងារជាតិសង្គ្រោះគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានជម្លៀសប្រជាជនដែលនៅក្បែរនឹងភ្នំភ្លើងឲ្យចេញឆ្ងាយប្រមាណ 12 គីឡូម៉ែត្រ៕
គួរបញ្ជាក់ថាបន្ទាប់ពីទទួលបានព័ត៌មានអំពីការវិវត្តិឈានទៅរកការផ្ទុះរបស់ភ្នំភ្លើង ប្រធានការរិយាល័យព័ត៌មានរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រញាប់ប្រញាលជូនដំណឹងភ្លាមៗទៅកាន់ប្រជាជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យភៀសខ្លួនចេញឆ្ងាយបីតំបន់ដែលកំពុងទទួលរងនូវហានិភ័យ៕
ដោយ៖វិសាល
ប្រភព៖ bbc