នាវិកក្នុងនាវាមុជទឹកអាហ្សង់ទីនដែលបាត់ក្នុងមហាសាគរ អាចមានសង្ឃឹមនៅរស់រាន្តមានជីវីត
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកនាំពាក្យកងកម្លាំងជើងទឹកអាហ្សង់ទីននិយាយថានាវិកដែលនៅក្នុងនាវាមុជទឹក San Juan ដែលបានបាត់នៅក្នុងមហាសមុទ្រអស់រយៈពេលជាច្រើនថ្ងៃមកហើយ គឺអាចមានសង្ឃឹមនៅរស់រាន្តមានជីវិត។
នៅក្នុងសេចក្តីថ្លែងការណ៍អ្នកនាំពាក្យដដែលបន្តថា៖ “យើងទាំងអស់គ្នានៅមិនទាន់បានដឹងពីស្ថានការណ៍ច្បាស់លាស់នៅឡើយទេ ទោះបីជានាវាមុជទឹករបស់យើងបានបាត់នៅក្នុងមហាសមុទ្រអស់រយៈពេល 11 ថ្ងៃកន្លងមកហើយយ៉ាងណាក្តី។ វាអាចទៅរួចដែលនាវិកដ៏ចំណានៗរបស់យើងអាចមានវិធីសាស្រ្តដើម្បីគេចផុតពីហេតុការណ៍នេះ”។
ទោះបីជាយ៉ាងណាក៏ដោយកងកម្លាំងនាវាប្រទេសអាហ្សង់ទីនមិនបានបង្ហាញពីរយៈពេលដែលកំណត់ក្នុងការស្វែងរកនាវាដែលបាត់នៅក្នុងមហាសាគរនោះទេដោយពួកគេនៅតែសង្ឃឹមថានាវិកដែលនៅលើនាវាទាំងនេះនឹងមានសុវត្ថិភាពរួចផុតពីគ្រោះថ្នាក់ទាំងអស់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី15 កន្លងមកនេះនាវាមុជទឹក San Juan របស់ប្រទេសអាហ្សង់ទីនបានបាត់ដានចេញពីប្រព័ន្ធរ៉ាដាជាមួយនឹងនាវិកចំនួន 44 នាក់ ខណៈពេលដែលខ្យល់អ៊ុកស៊ីសែនអាចផ្គត់ផ្គង់ត្រឹមតែ១ថ្ងៃបន្ទាប់ពីការបាត់ដានតែប៉ុណ្ណោះ៕
ដោយ៖ វិសាល
ប្រភព៖ Sputnik