ពិព័រណ៍ឧស្សាហកម្មសំណង់លើកទី៤ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ នៅកោះពេជ្រ ត្រូវបានសម្ពោធនៅព្រឹកនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា

717 Views
November 30, 2017

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងសម្ភោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០១៧ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងសម្ភោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ, លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ពិធីនេះរៀបចំធ្វើឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា បច្ចុប្បន្នសមាគម មានសមាជិកប្រមាណ១៤០ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនប្រកប អាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន លក់សម្ភារៈបរិក្ខា ឧបករណ៍ គ្រឿងចក្រ​សំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានា​រ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈសំណង ក្រុមហ៊ុនធ្វើពីសោធន៍ដី និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះ ជាសាខាក្រុមហ៊ុនរបស់បរទេស មកពីប្រទេសចិន, ជប៉ុន, កូរ៉េ, ថៃ, សឹង្ហបុរី, ស៊ុយអ៊ែត និងស្វីស…ល។

អ្នកឧកញ៉ា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំសមាគមតែងតែរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យសមាជិក​សមាគមទាំងអស់ ព្រមទាំងក្រុមហ៊ុននៅក្នុងស្រុក និងបរទេស ដែលកំពុង មានធុរកិច្ចលើវិស័យសំណង់ទាំងអស់នៅកម្ពុជា មានឱកាសបានដាក់តាំង​បង្ហាញ និងលក់ផលិផលដូចជាសម្ភារៈ ឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទ មិនតែប៉ុណ្ណោះក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗមានស្ដង់ដារត្រឹមត្រូវ ដូចជាការតម្លើងប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាំមេរ៉ា និងសេវាកម្មជាច្រើនទៀត។

អ្នកឧកញ៉ា បន្ថែមថា ចំពោះឆ្នាំ២០១៧នេះ មានក្រុមហ៊ុនក្នុងស្រុក និងបរទេសជាច្រើន សរុបប្រមាណ១៦៨ក្រុមហ៊ុន មានស្ដង់ប្រមាណ​៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិត ផល និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យសំណងជាច្រើនប្រភេទផ្សេងៗទៀត ដែល​នាំចូលពីបណ្ដាលប្រទេសជាច្រើន លើពិភពលោកសរុប៦០០ប្រភេទ។

ដោយឡែកនៅក្នុងឆ្នាំ២០១៨ ឆ្នាំក្រោយ សមាគមបានគ្រោង​រៀបចំ កម្មវិធីមហាសន្និបាតបូកសរុបការងារ និងពិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជាលើកទី៧ នៅថ្ងៃទី២៩ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ៕

ប្រភព៖ freshnews

Facebook Comment

Related Articles