សមាជិកអតីតបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មនៅមុខសេតវិមាន

501 Views
November 30, 2017

អតីតសមាជិកបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រ ថានឹងរៀបចំធ្វើមហាបាតុកម្មនៅមុខសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន និងអ្នករៀបចំកម្មវិធី របស់សមាជិកអតីតបក្សប្រឆាំងមួយនេះ។

ប្រាប់ VOD បន្ថែមកាលពីថ្ងៃពុធម្សិលមិញ ប្រធានទ្រទ្រង់អតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក លោក អ៊ុង រិទ្ធី ដែលជាអ្នករៀបចំបាតុកម្មនោះ មានប្រសាសន៍ថា គោលបំណង គឺដោយសារសព្វថ្ងៃខ្មែរនៅក្នុងប្រទេស ពឹងផ្អែកចលនាប្រជាធិបតេយ្យនៅខាងក្រៅប្រទេស ហើយគំរោងបាតុកម្មនេះ គឺបង្ហាញពីការគិតគូរដល់ខ្មែរក្នុងស្រុក។

លោកមានប្រសាសន៍ថា៖ «ដើម្បីធ្វើម៉េចឲ្យគេរុញច្រានឲ្យស្ថាប័ន លោក ហ៊ុន សែន ឲ្យគោរពនូវសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ឲ្យដោះលែង លោក កឹម សុខា ឲ្យមានការបោះឆ្នោតត្រឹមត្រូវនិងយុវត្តិធម៌ ឲ្យដោះលែងអ្នកទោសមនសិកាជាតិ ហើយឲ្យមានសេរីភាពក្នុងការនិយាយស្តីក្នុងប្រទេសកម្ពុជាឡើងវិញ។ នេះគឺជាគោលការណ៍យើងចង់ធ្វើ ម្ល៉ោះហើយបើយើងនៅស្ងៀម យើងមិនធ្វើអ្វីមួយ អ្នកនយោបាយនៅក្រៅប្រទេសគេមិនទទួលស្គាល់ទេ!»។

លោក អ៊ុង រិទ្ធី ឲ្យដឹងទៀតថា ក្រុមលោកបានជ្រើសរើសថ្ងៃអាទិត្យ ទី១០ធ្នូ ដោយសារចំទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយសង្ឃឹមថា នឹងមានអ្នកចូលរួមប្រហែល៥០០នាក់។ លោកបញ្ជាក់បន្ថែមថា អតីតសមាជិកបក្សសង្គ្រោះជាតិ ដែលគ្រោងមានវត្តមានថ្ងៃនោះ មានដូចជា លោក អេង ឆៃអ៊ាង លោក យ៉ែម ប៉ុញ្ញារិទ្ធ លោក លោក ហូ វ៉ាន់ និងលោក អ៊ូ ចាន់រិទ្ធ។

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថ្លែងប្រាប់ VOD ថា ការទាមទាររបស់អតីតជួរដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយច្បាប់ គឺជាការប្រឆាំងសាលដីការបស់តុលាការកំពូល​ ហើយពួកគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។

លោកមានប្រសាសន៍ថា៖ «រឿងចង់ប្រមូលគ្នាទៅធ្វើបាតុកម្មនៅក្រៅប្រទេស សូមឲ្យគោរពច្បាប់នៅក្រៅប្រទេសទៅ តែបើមកធ្វើបាតុកម្មនៅកម្ពុជា សូមគោរពច្បាប់កម្ពុជា។ កម្ពុជាអត់ធ្វើដំណើរថយក្រោយទេ គឺធ្វើដំណើរទៅមុខក្នុងការពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិ ពីព្រោះប្រជាធិបតេយ្យនៅប្រទេសណាក៏ដោយ វាទាល់តែឈរលើការពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិបានប្រជាធិបតេយ្យនោះអាចដំណើរការដោយរលូនដើម្បីបំរើផលប្រយោជន៍ជាតិនីមួយៗ»។

ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បាតុកម្មថ្ងៃ១០ធ្នូ នៅសហរដ្ឋអាមេរិកខាងមុខ អាចជួយឲ្យមានការប្រែប្រួលស្ថានការណ៍ក្នុងប្រទេសកម្ពុជាដែរ តែមិនអាចវាស់ថា បានកម្រិតណាទេ បើទោះជាខាងក្នុងប្រទេស មិនមានការតវ៉ាជាសាធារណៈ។

លោកមានប្រសាសន៍ថា៖ «ការដែលមិនតវ៉ា ដោយចំហមិនមែនថាគេ អត់តវ៉ាទេ គឺដោយសារគេមិនហ៊ាន ដោយសារមានការបង្ក្រាបពីកងប្រដាប់អាវុធ។ ប៉ុន្តែខាងក្រោមផ្ទៃរាបស្មើស្ងប់ស្ងាត់ហ្នឹង គឺក៏មានការពុះកញ្ជ្រោលពីខាងក្រោមដែរ ដែលមិនអាចមើលឃើញ […]»។

ការឃុំខ្លួនលោក កឹម សុខា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដែលមានអ្នកគាំទ្រជាង៤០ភាគរយទូទាំងប្រទេស កំពុងនាំឲ្យមានការរិះគន់និងថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ហើយ ពួកគេ ក៏ព្រមានពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាល បានហៅចំណាត់ការនេះ គឺជាការអនុវត្តច្បាប់តែប៉ុណ្ណោះ៕

ប្រភព៖ vod

Facebook Comment

Related Articles