បុគ្គលិករាយការណ៍កាសែតប្រទេសស៊ីមបាវ៉េអាចផ្សាយចេញអ្វីដែលពួកគេចង់ពិតប្រាកដ
បន្ទាប់ពីមានការបង្ខំទម្លាក់លោក Mugabe អតីតប្រធានាធិបតីស៊ីមបាវ៉េចេញពីតំណែង ដោយកម្លាំងយោធាកាលពីពេលថ្មីៗនេះ អ្នករាយការណ៍ព័ត៌មានរបស់ស្ថាប័នការសែត Zimbabwe Herald បាននិយាយថា ទីបំផុតបន្ទាប់ពីរយៈពេល 37 ឆ្នាំ ពួកគេអាចចេញផ្សាយនូវអ្វីដែលពួកគេចង់បានហើយ។
យ៉ាងណាមិញការលើកឡើងនេះបន្ទាប់ពីស្ថាប័នកាសែតមួយនេះត្រូវបានគេដឹងយ៉ាងច្បាស់ថាជាស្ថាប័នដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលដែលដឹកនាំដោយអតីតប្រធានាធិបតី Mugabe។
នៅក្នុងនោះដែរ បុគ្គលិករាយការណ៍ម្នាក់របស់ការសែត Zimbabwe Herald ដែលមានឈ្មោះ Felex Share បាននិយាយថា៖ “ចាប់តាំងពីខ្ញុំធ្វើការមកគឺពួកយើងមិនអាចរាយការណ៍ព័ត៌មានដែលរិះគន់អតីតប្រធានាធិបតីបានទេ ក៏ប៉ុន្តែឥឡូវនេះពួកយើងមានសិទ្ធគ្រប់បែបយ៉ាង”។
បន្ថែមពីនេះផងដែរបុគ្គលិកកែសម្រួលអត្ថបទឈ្មោះ Joram Nyathi ក៏បាននិយាយផងដែរថា៖ “កាលពីមុនវាពិតជាលំបាកខ្លាំងណាស់មុនពេលសម្រេចក្នុងការផ្សាយចេញនូវរឿងណាមួយទាំងខ្លួនមិនចង់ ក៏ប៉ុន្តែអ្នកត្រូវចងចាំថាអ្នកកំពុងតែធ្វើការឲ្យស្ថាប័នដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋភិបាល”។
គួរបញ្ជាក់ថាលោក Mugabe បានសម្រេចចិត្តចុះចេញពីតំណែង បន្ទាប់ពីលោកត្រូវបានកងកម្លាំងយោធានៅក្នុងប្រទេសឃុំឃាំងនៅក្នុងគេហដ្ឋានរបស់ខ្លួន និងធ្វើការទទូចចំពោះការផ្ទេរតំណែងទៅកាន់អ្នកដឹកនាំថ្មី៕
ដោយ៖ វិបុល
ប្រភព៖ washingtonpost