សហភាពអឺរ៉ុប «ទាមទារភស្តុតាងពិតពីតួកគី មុននឹងចោទ លោក Gulen ជាបណ្ដាញភេរវករ»

1005 Views
December 1, 2017

អ្នកសម្របសម្រួលប្រឆាំងភេរវកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបមិនបានទទួលយកទស្សនៈរបស់ប្រទេសតួកគីដែលថាបណ្ដាញនៃបុព្វជិតមូស្លីម Fethullah Gulen កំពុងរស់នៅជ្រកកោនក្នុងសហរដ្ឋអាមេរិកគឺជាអង្គការភេរវកម្ម ហើយថានឹងទាមទារអោយមានភ័ស្តុតាង «សំខាន់»ដើម្បីផ្លាស់ប្តូរជំហររបស់ខ្លួន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការអត្ថាធិប្បាយរបស់លោក Gilles de Kerchove ទំនងជាធ្វើឱ្យប្រទេសតួកគី មានកំហឹងដែលពួកគេចោទប្រកាន់ថាលោក Gulen គឺជាមេដឹកនាំនៃរដ្ឋប្រហារដែលបរាជ័យក្នុងឆ្នាំ ២០១៦ ដែលធ្វើអោយមនុស្សជាង២៥០នាក់បានស្លាប់។ លោក Gulen បានបដិសេធរាល់ការចោទប្រកាន់នេះ ហើយបានថ្កោលទោសរដ្ឋប្រហារនោះផងដែរ។ តួកគីបានចោទ ប្រកាន់សម្ព័ន្ធមិត្ត NATO ក្នុងនោះមានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ថាបានបរាជ័យក្នុងការថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារនេះ ដោយថែមទាំងអះអាងដែរថាពួកគេហាក់ដូចជា ព្រួយបារម្ភហួសហេតុចំពោះការបង្ក្រាបរបស់ក្រុងអង់ការ៉ា ទៅលើក្រុមដែលសង្ស័យថាជាអ្នកគាំទ្រការធ្វើរដ្ឋប្រហារ។ លោក Kerchoveបានថ្លែងដូច្នេះថា៖«យើងមិនមើលឃើញថា បណ្ដាញ Gulen​ ជាអង្គការភេរវកម្ម នោះទេ ហើយខ្ញុំក៏មិនជឿថាសហភាពអឺរ៉ុបនិងផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងពេលឆាប់ៗ» ។ លោកបន្តទៀតថា៖«អ្នកត្រូវការភ័ស្តុតាងជាច្រើន វាមិន ដូចជាការទាញយកកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែភស្តុតាងសំខាន់ៗដែលបង្ហាញថាពួកគេបានចូលរួមក្នុងរដ្ឋប្រហារនោះ»

គួរបញ្ជាក់ថា អាជ្ញាធរតួកគីបានឃុំខ្លួនមនុស្សប្រមាណ ៥០.០០០ នាក់រួមទាំងគ្រូបង្រៀន មន្រ្តីប៉ូលីស អ្នកកាសែត និងបុគ្គលិកកុងស៊ុលអាមេរិកចំពោះការចោទប្រកាន់ថាជាប់ពាក់ ព័ន្ធនឹងបណ្តាញរបស់ហ្គូឡិន។ ប្រជាជនប្រមាណ ១៥០.០០០ នាក់ត្រូវបានគេបញ្ឈប់ ឬព្យួរពីការងាររបស់ពួកគេ។ អ្នកខ្លះត្រូវបានគេឃុំឃាំងដោយសារបានទាញយកកម្មវិធី ByLock ដែលជាកម្មវិធីផ្ញើសារដែលរដ្ឋាភិបាលនិយាយថាត្រូវបានប្រើសំរាប់រៀបគំរោងធ្វើរដ្ធប្រហារ ខណៈអ្នកផ្សេងទៀតត្រូវបានឃាត់ខ្លួនពីបទបានទូរស័ព្ទជាមួយអ្នកប្រើ ByLock ៕

ប្រភព៖ freshnews

Facebook Comment

Related Articles