ទីបំផុតប្រតិបត្តិការស្វែងរកនាវាមុជទឹករបស់អាហ្សង់ទីនត្រូវបានបោះបង់
កងទ័ពជើងទឹកអាហ្សង់ទីននិយាយថាខ្លួនបានបោះបង់ចោលការប៉ុនប៉ងដើម្បីជួយសង្គ្រោះសមាជិកនាវិកចំនួន ៤៤ នាក់នៅលើនាវាមុជទឹកដែលបានបាត់កាលពីពីរសប្តាហ៍មុន។ នេះយោងតាមសរព័ត៌មាន BBC ចុះផ្សាយកាលពីព្រឹកមិញ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យកងទ័ពជើងទឹកលោក Enrique Balbi បាននិយាយថា “ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏មិនអាចរកឃើញនាវាមុជទឹកនោះដែរ” ។ ក្តីសង្ឃឹមនៃការស្វែងរកអ្នករស់រានមានជីវិតបានរសាត់បន្ទាប់ពីមានការសង្ស័យថាមានការផ្ទុះមួយនៅជិតកន្លែងចុងក្រោយដែលមានទំនាក់ទំនងជាមួយនាវានោះ។
ហេតុអ្វីបានជាកងទ័ពជើងទឹកបានធ្វើការសម្រេចចិត្តនេះ?
លោកនាវិកឯក Balbi បាននិយាយថាការស្វែងរកនាវាមុជទឹកនេះបាន “ពង្រីកជាច្រើនថ្ងៃច្រើនជាងចំនួនថ្ងៃដែលកំណត់ពីលទ្ធភាពនៃការជួយសង្គ្រោះនាវិកនេះ” ។
ការអត្ថាធិប្បាយរបស់គាត់សំដៅទៅលើរយៈពេលដែលគេប៉ាន់ស្មានថានាវិកដែលនៅក្នុងនាវានោះអាចមានជីវិតរស់រាន ។
លោកនាវិកឯក Balbi បានឱ្យដឹងថាបើទោះបីមិនអាចបញ្ជាក់ពីជោគវាសនារបស់នាវិកនេះ “ភស្តុតាងនៃការលិចនាវាមួយមិនត្រូវបានគេរកឃើញនៅក្នុងតំបន់ដែលបានផ្ទុះនោះឡើយ” ។
លោកបាននិយាយថា “ដំណាក់កាលនេះបានផ្លាស់ប្តូរ” ហើយថាប្រតិបត្តិការដែលពាក់ព័ន្ធនឹងនាវាជាច្រើននិងនាវាមុជទឹកដទៃទៀតឥឡូវនេះកំពុងស្វែងរកកំទិចកំទីដែលនៅបាតសមុទ្រនៅក្បែរតំបន់ដែល ARA San Juan ត្រូវបានបាត់។
ប្រភព៖ bbc