មេគ្រឿងញៀន មកចែកចាយនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ រួមជាមួយថ្នាំ២៨កញ្ចប់ ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបបាន
កម្លាំងនគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្តប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនមេចែកចាយគ្រឿងញៀនម្នាក់ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ដោយដកហូតថ្នាំចំនួន២៨កញ្ចប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះថា ជនសង្ស័យឈ្មោះ កែវ ផានិត អាយុ១៧ឆ្នាំ មានទីលំនៅកំពង់កណ្តាល ឃុំកំពង់បាយ ស្រុកកំពត ខេត្តកំពត មុខរបរជាសិស្ស ហើយក្រោយការចាប់ខ្លួនកម្លាំងនគរបាលរបស់លោកបានដកហូតថ្នាំញៀនមេតំហ្វេតាមីនចំនួន២៨កញ្ចប់ (មាន៧កញ្ចប់ធំ និង២១កញ្ចប់តូច)។
លោកវរសេនីយ៍ទោ ហួត ចន្ធី អធិការនគរបាលស្រុកកំពង់សិលា បានបញ្ជាក់ថា មុខសញ្ញាគ្រឿងញៀនម្នាក់ នេះមិនមែនជាមនុស្សនៅក្នុងមូលដ្ឋានឡើយ គឺមកពីចំងាយតែមានសកម្មភាពគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចបានតាមដាន ហើយឃាត់ខ្លួនមកសួរនាំ ទើបបែកធ្លាយរកឃើញថ្នាំញៀនតែម្តង។
ករណីនេះសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕
ប្រភព៖ freshnews