តុលាការគ្រោងសួរចម្លើយលោក កឹម សុខា ជាថ្មីនៅក្នុងសប្ដាហ៍នេះ

400 Views
December 12, 2017

តុលាការគ្រោងសួរចម្លើយមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ជាថ្មីម្ដងទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំតែម្ដង។ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី សួរចម្លើយពេញមួយថ្ងៃតែម្ដងរួចមកហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុន្តែ ព័ត៌មានលម្អិតនៃការសួរចម្លើយនោះ មិនត្រូវបានគេដឹងនោះឡើយ។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី គ្រោងនឹងសាកសួរកូនក្ដីរបស់លោកជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ។

មេធាវីរូបនេះ បានប្រាប់ថា នេះជាលើកទី២ហើយ បន្ទាប់ពីសាកសួរនៅលើកទី១ អស់រយៈពេលជាច្រើនម៉ោង នៅចំពោះមុខចៅក្រមស៊ើបសួរ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ការចាប់ខ្លួនមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានការថ្កោលពីសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស ដោយទុកថា ជាចេតនានយោបាយ៕

ប្រភព៖ vod

Facebook Comment

Related Articles