យើងរួមដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន
នាថ្ងៃ៨រោច ខែមគិសិរ ឆ្នាំរកា ពន្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅឯសណ្ឋាគារវ៉ៃគោ នៃក្រុងស្វាយរៀង ក្រសួងធម្មការ និងសាសនា រួមជាមួយនឹងអង្គការDanmission អង្គការវិទ្យាស្ថានសន្ទនាមេគង្គ អង្គការFelm Cambodia និងអង្គការដៃគូជាច្រើនទៀតបានរៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរសាសនា ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីឱ្យជីវិត និងសហគមន៍របស់យើងគ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ សិក្ខាសាលានេះដែរ មានការចូលរួមព្រះមេគុណទាំងពីខណៈ ព្រះសង្ឃ ឯកឧត្តមអភិបាលរងនៃក្រុងស្វាយរៀង ប្រធានអង្គការDanmission តំណាងនៃគណមេដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាម គ្រិស្តសាសនិក និងសាសនាចំរុះផ្សេងទៀតដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់លើវិស័យសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមិនដែលមានជំលោះ ឬសង្រ្គាមដែលកើតមានឡើងតាមរយះសាសនានោះឡើយ ដែលប្រទេសជិតខាងយកគំរូតាម។ “ដោយយោងតាមមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបើកសិទ្ធិសេរីភាពយ៉ាងទូលាយលើប្រជាជនទាំងឡាយក្នុងការជ្រើសរើសជំនឿរៀងៗខ្លួន”។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថាៈ ”មេដឹកនាំសាសនា ជាអ្នកដឹកនាំឱ្យមនុស្សនូវអំពើកុសលដើម្បីជោគជ័យទាំងក្នុងសង្គម និងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ហើយអាចទទួលបានសុខសន្តិភាព”។ “មានតែយើងទាំងអស់គ្នាសហការគ្នាតែប៉ុណ្ណោះទេ ទើបអាចដោះស្រាយបញ្ហាបានកុំថាឡើយបញ្ហាគ្រឿនញៀន សូម្បីតែបញ្ហាផ្សេងក៏អាចរកដំណោះស្រាយបានដែរ”។ សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹង ក៏ដូចជាបទពិសោធនថ្មីទៅដល់សិក្ខាកាមនូវបញ្ហាគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់វា។ ជាចុងបញ្ចប់ឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនាបានធ្វើសេចក្តីប្រកាសរួម ដែលមានដូចតទៅ៖
១)សហគមន៍សាសនាសូមចូលរួមការផ្សព្វផ្សាយ ស្តីពីបញ្ហាគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលដល់សហគមន៍មូលដ្ឋាន ដើម្បីឱ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។
២)សហគមន៍សាសនាបេ្តជ្ញាចូលរួមការអប់រំសន្តិភាពផ្លូវចិត្តដល់ជនរងគ្រោះ ពីបញ្ហាគ្រឿងញៀនតាមសហគមន៍មូលដ្ឋាន ដើម្បីព្យាបាល និង ស្តានីតិសម្បទា កាត់បន្ថយភាពក្រីក្រ និងអំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍។
៣)រួមគ្នាបួងសួងលើបញ្ហាសង្គម និងគ្រឿងញៀន។
៤)អប់រំសុខភាព ផ្លូវចិត្ត សីលធម៌ ដល់សហគមន៍មូលដ្ឋាន ដើម្បីការពារជីវិត និងសហគមន៍យើងគ្នា-នគ្រឿងញៀន។
៥)បន្តធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនតាមរយៈកិច្ចសន្ទនាអន្តរសាសនា។
៦)ចូលរួមទិវាប្រយុទ្ឋប្រឆាំងគ្រឿងញៀនអន្តរជាតិ។
៧)អប់រំ និងផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដោយអន្តរសាសនាតាមបណ្តាញសារព័ត៌មាន។
៨)ផ្សព្វផ្សាយគោលការណ៍សន្តិភាព និងការអភិវឌ្ឍដោយគ្មានគ្រឿងញៀន។
៩)រៀបចំបណ្តុះបណ្តាលគ្រូបង្គោលប្រឹក្សាអំពីបញ្ហាគ្រឿងញៀនតាមសហគមន៍សាសនា។
១០)ចូលរួមរៀបចំផែនការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនជាមួយក្រសួងធម្មការ និងសាសនា ដល់ សហគមន៍មូលដ្ឋាន។
១១)ដឹកនាំបង្កើតឱ្យមានការធ្វើលំហាត់ប្រាណ(ពលកម្ម កីឡា និងសិល្បៈ) និងជំនាញខ្លីៗ
តាមសេចក្តីប្រកាសរួមទាំង១១ចំណុច ខាងលើនេះ អង្គសិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿ-សាសនា
បានឯកភាពគ្នា និងអនុវត្តន៍ តាមសហគមន៍សាសនារៀងៗខ្លួន។