រុស្ស៊ីបដិសេធថាយន្តហោះចម្បាំងខ្លួនមិនត្រូវបានរាំងស្កាត់ដោយសហរដ្ឋអាមេរិកឡើយ
កាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសរុស្ស៊ីបានចេញលិខិតមួយច្បាប់ថ្លែងត្រលប់ទៅវិញថា មិនមានការរាំងស្កាត់យន្តហោះចម្បាំង Su-25s របស់ប្រទេសរុស្ស៊ីពីសំណាក់សហរដ្ឋអាមេរិកក្នុងប្រតិបត្តិការនៅស៊ីរីឡើយ។
ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្រ្តីការពារជាតិរុស្ស៊ីគឺបានកើតឡើងបន្ទាប់ពីមានដំណឹងថាយន្តហោះ F-22 របស់សហរដ្ឋអាមេរិកបានធ្វើការរាំងស្កាត់យន្តហោះចម្បាំងរុស្ស៊ីនៅក្នុងតំបន់ភាគខាងលិចទន្លេ Euphrates នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី 13 កន្លងមកនេះ។
យ៉ាងណាមិញលោករដ្ឋមន្រ្តីដដែលបានសម្តែងការមិនពេញចិត្តផងដែរទៅកាន់ភាគីសហរដ្ឋអាមេរិកដែលបានចេញការព្រមានមកកាន់កងកម្លាំងអាកាសរុស្ស៊ីដែលបញ្ជាយន្តហោះចម្បាំង Su-25s មិនឲ្យហោះហើរក្បែរតំបន់មូលដ្ឋានរបស់ខ្លួន ដែលលោករដ្ឋមន្រ្តីរុស្ស៊ីចាត់ទុកទង្វើនេះថាជាការរារាំងបេសកកកម្មកងកម្លាំងរុស្ស៊ី។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះអ្នកនាំពាក្យកងយោធាសហរដ្ឋអាមេរិក Eric Pahon បានអះអាងថាយន្តហោះចម្បាំង Su-25s របស់ប្រទេសរុស្ស៊ីបានហោះហើរក្បែរនឹងតំបន់ទន្លេ Euphrates ហើយទីតាំងនេះក៏នៅក្បែរនឹងតំបន់មូលដ្ឋានសហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ sputnik
ដោយ៖ ណារ៉ុង