ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន! បេឡាជាតិរបបសន្ដិសុខសង្គម ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អាជ្ញាធរភូមិឃុំ ក្នុងមូលដ្ឋានខណ្ឌចំការមន

1124 Views
December 16, 2017

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ ​​បានដឹកនាំពិធីចែកបណ្ណមូលនិធិសមធម៌ សុខាភិបាលជូនប្រធាន អនុប្រធាន និងសមាជិកភូមិ ក្នុងខណ្ឌចំការមន សរុបចំនួន​២៧៤នាក់។

កម្មពិធីនេះ ត្រូវបានរៀបចំឡើង ក្រោយពីទទួលបានទិន្ន័យចុះបញ្ជិកាប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ កាលពីពេលថ្មីៗកន្លងទៅនេះ ​ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើបញ្ហាសុខភាពដល់ថ្នាក់ដឹកនាំឃុំ-សង្កាត់ នៅទូទាំងប្រទេស ប្រមាណជាង​៤៣,០០០នាក់ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល។

​បន្ទាប់ពីទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាលនេះហើយ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ អាចទៅទទួលការពិនិត្យ និងព្យាលបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។

លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តយុទ្ធនាការចុះបញ្ជីកម្មករនិយោជិតក្នុងខណ្ឌទាំង១២ នៅក្នុង​រាជធានីភ្នំពេញ ដែលនឹងត្រូវឲ្យរួចរាល់នៅដើមឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមលោក ជាវ ប៊ុនរិទ្ធ ចាប់ពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០១៨​ខាងមុខនេះ បងប្អូនដែលមានបណ្ណមូលនិធិសមធ​ម៌សុខា​ភិបាល នឹងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ។

ជាពិសេសជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានឧបត្ថម្ភគោលរបបជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជី​សម្រាប់ស្ត្រីនៅពេលសម្រាលកូន រួមមាន៖

*សម្រាលបានកូន​ម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ​ ចំនួន​៤០ម៉ឺនរៀល

*សម្រាលបានកូនភ្លោះ​២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន​៨០ម៉ឺនរៀល​

*សម្រាលបានកូនភ្លោះ​៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន​១លាន ២០ម៉ឺនរៀល ហើយគួរត្រេកអរបំផុតនោះ កូនភ្លោះ៣​ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន​៥លានរៀល៕

ប្រភព៖ freshnews

Facebook Comment

Related Articles