សម្តេច ហ៊ុន សែន ថាកម្ពុជានឹងរស់ដោយឈប់ពឹងខ្យល់អុកស៊ីសែនពីអ្នកដទៃ

775 Views
December 20, 2017

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញប្រាក់១០០លានដុល្លារ ដើម្បីបង្កើត​ការងា​រនៅក្នុ​ងស្រុក ដោ​យ​ថាកម្ពុជាមិនរស់រងចាំតែការដាក់ខ្យល់អុកស៊ីសែនពីអ្នកដទៃឡើយ ខណៈប្រទេ​ស​លោកសេរីកំ​ពុងគំរា​​ម​ដា​​ក់ទ​ណ្ឌ​កម្ម ដោយ​សា​រតែការរំលាយបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម​ សុខា។

តុលាការកំពូលរបស់កម្ពុជា កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានប្រកាសរំលាយ អតីតគណបក្សសង្គ្រោះជាតិ ចោទ​ថា​គ​ណ​បក្សនេះ បានឃុបឃិតជាមួយបរទេស ចង់ផ្តួលរលំរដ្ឋាភិបាល ស្របច្បាប់ដែ​លដឹកនាំដោ​យ​លោ​ក​ ហ៊ុន សែន​ និងបានប្រកាសឲ្យមន្ត្រីបក្សប្រឆាំង១១៨នាក់ ​ផ្អាកធ្វើនយោបាយ​រយៈពេ​ល៥ឆ្នាំផ​​ងដែរ​។

ប៉ុន្តែចំណាត់ការនេះ ត្រូវបានប្រទេសលោកសេរី មានសហរដ្ឋអាមេរិក ប្រកាសរឹតបន្តឹងផ្នែក​ទិដ្ឋាការ​ដល់​ម​ន្ត្រី​​ជាន់ខ្ពស់កម្ពុជាមួយចំនួន និងប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប និងកំពុងគំរាមដា​ល់ទណ្ឌ​កម្មផ្សេងទៀត។ ចំណែក សភាអឺរុបឯណោះវិញ បានបើកផ្លូវ ពិនិត្យទ្បើងវិញការអនុគ្រោះពន្ធគយ ចំពោះទំនិញរបស់កម្ពុជា ដែលនាំទៅ​លក់ទី​ផ្សា​រអឺ​រ៉ុប ទាំងផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដោយព្រមានថា បើរដ្ឋាភិបាល មិ​​​នធ្វើ​​ឲ្យស្ថានការនយោបាយនៅកម្ពុជា​វិលទៅរកស្ថានភាពដើម។

ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះ​ជួបក​ម្ម​ករ នៅរាជធានីភ្នំពេញ នាថ្ងៃទី២០ខែធ្នូនេះ ថ្លែង​ថា រដ្ឋាភិបាល នឹងបញ្ចេញប្រាក់១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនា​គារ​ខ្នាត​តូ​​​​ច និងមធ្យម ដើម្បីជំរុញ​ការអ​ភិ​វឌ្ឍ​ជាតិ និងបង្កើនការងារក្នុងស្រុក ដោយថា កម្ពុជា​មិនត្រូវ​​រស់នៅរងចាំតែអ្នក​ដទៃដាក់ខ្យល់អុកស៊ីសែនឲ្យ​នោះទេ។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានធនាគារអភិវឌ្ឍជនបទ ស​ម្រាប់​ធ្វើកិច្ចការនេះ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហា គឺយន្តការដែលមានស្រាប់​ មិនដំណើរកា​រទៅប្រ​ក​​​បដោ​​​យប្រសិទ្ធិភាព។

លោក ង៉ែត ជូ ឲ្យដឹងដែរថា បើរដ្ឋាភិបាលគ្រាន់តែបញ្ចេញលុយ ហើយគ្មានយន្តផ្សេងទៀត​សម្រា​ប់ពង្រឹ​ង​ប្រ​​សិទ្ធិភាពទេ លោកថា ជម្រើសថ្មី របស់រដ្ឋាភិបាលនេះ ក៏មិនអាចទប់នឹង​សម្ពាធអ​ន្តរជាតិបា​នដែរ។

អ្នកតាមដាន ធ្លាប់ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរបន្តដើរលើគន្លងប្រជាធិបតេយ្យ ដូចដែលប្រទេស​លោកសេ​រីចង់បាន ដើម្បីពារប្រយោជន៍កម្មករ ក្នុងវិស័យកាត់ដេរ រាប់ម៉ឺននាក់ និងពលរដ្ឋក្រី​ក្រច្រើន​លា​ននាក់​ផ្សេងទៀត។

របាយការណ៍របស់​ការិយាល័យ​ស្ថិតិ​អាមេរិកនិង​សហភាព​អឺរ៉ុប បង្ហាញថា កម្ពុជា​ បាន​នាំ​ផលិត​ផល​កាត់​ដេ​​​រ​​មា​ន​តម្លៃ​ជិត៣​ពាន់​លាន​ដុល្លារចូល​ទៅ​ទីផ្សារ​អាមេរិក និង​ជិត​ ៥​ពាន់​លាន​ដុល្លារទៀត ចូល​ទៅ​ទីផ្សា​រ​អឺ​រ៉ុប កាល​ពី​ឆ្នាំ​២០១៦៕

ប្រភព៖​ vod

Facebook Comment

Related Articles