គ.ជ.ប. ថាទទួលបានបណ្ដឹងតវ៉ា៤២ករណីនៅទូទាំងប្រទេស ក្រោយបិទការតវ៉ា

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ បណ្ដឹងដល់ទៅ ៣៨ កើតឡើងនៅខេត្តពោធិ៍សាត់ និងបណ្ដឹងចំនួន ៧ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ខណៈបណ្ដឹង ១ករណី កើតឡើងនៅខេត្តបន្ទាយមានជ័យ កំពត តាកែវ និងរាជធានីភ្នំពេញ។
គ.ជ.ប. បានឲ្យដឹងថា ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងនៅតាមឃុំ-សង្កាត់ និងនៅតាមទីតាំងណាមួយក្នុងឃុំ-សង្កាត់ នៅទូទាំងប្រទេស ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី២៤ ខែធ្នូនេះ។
ក្រោយពីការបិទបញ្ចប់ គ.ជ.ប. បញ្ជាក់ថា ស្ថាប័ននេះទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៤២ ដែលក្នុងនោះរួមមាន ប្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត ១០បណ្តឹង និងប្តឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ៣៩បណ្តឹង។
អគ្គលេខាធិការរង គ.ជ.ប. លោក សោម សូរីដា មានប្រសាសន៍បន្ថែមថា ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ជុំវិញការស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតនោះ ដោយសារអ្នកខ្លះ ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត ជាដើម។ ដោយឡែកអ្នកដែលប្តឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយសារអ្នកខ្លះមានឈ្មោះបោះឆ្នោតស្ទួន (មានឈ្មោះចាប់ពីពីរឡើងទៅ) ករណីនេះ លោកថា គ.ជ.ប. សម្រេចរក្សាឈ្មោះឲ្យបុគ្គលនោះ មានតែមួយនៅការិយាល័យបោះឆ្នោត ឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ដដែល។
គ.ជ.ប. បានចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៦ ខែវិច្ឆិកាកន្លងមកនេះ។
របាយការណ៍ គ.ជ.ប. ឲ្យដឹងថា ពលរដ្ឋជាង ៥០ម៉ឺននាក់ បានទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំនេះ ខណៈដែលពលរដ្ឋជាង ១លាននាក់ទៀត ត្រូវបានគេដឹងថា មិនបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតកន្លងមកនោះឡើយ៕
ប្រភព៖ vod