ក្រុមហ៊ុនធំមួយរបស់អាមេរិកជំរុញកម្ពុជាកែលំអទំនាក់ទំនងជាមួយអាមេរិក

ក្រុមហ៊ុនបញ្ជារទិញផលិតផលសំលៀកបំពាក់ ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ជំរុញឲ្យប្រទេសកម្ពុជាកែលំអទំនាក់ទំនងជាមួយប្រទេសខ្លួន និងសង្គមស៊ីវិលប្រកបយុត្តិធម៌។
ក្រុមហ៊ុនបញ្ជារទិញផលិតផលសំលៀកបំពាក់របស់សហរដ្ឋអាមេរិក WalMart បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៦ធ្នូឆ្នាំ២០១៧ ជូនដល់រដ្ឋមន្ត្រីក្រសួងការងារ ដែលត្រង់ចំណុចមួយ ពួកគេបានស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អលក្ខខណ្ឌរបស់កម្មកររោងចក្រកាត់ដេរកម្ពុជា និងស្នើឲ្យប្រព្រឹត្តដោយស្មើភាពនៅក្នុងទំនាក់ទំនងជាមួយអាមេរិក និងអង្គការសង្គមស៊ីវិល ដើម្បីឲ្យកម្ពុជាបំពេញគ្រប់លក្ខខណ្ឌស្តង់ដាររបស់ខ្លួន។
ក្នុងលិខិតនោះសរសេរថា៖ «អតិថិជនរបស់យើងប្រកាន់ជំហរឲ្យយើងមានស្តង់ដារខ្ពស់ និងបង្កើនចំណាប់អារម្មណ៍លើលក្ខខណ្ឌការងារ និងសង្គមក្នុងប្រទេសដែលជាប្រភពនៃផលិតផលរបស់យើង។ ដូច្នេះហើយ ពួកយើងសំណូមពរដោយគោរពដល់រដ្ឋាភិបាលរបស់អ្នកក្នុងការបន្តការការយកចិត្តទុកដាក់លើលក្ខខណ្ឌការងារសម្រាប់កម្មកររោងចក្រក្នុងប្រទេសកម្ពុជា និងផ្តល់មករដ្ឋាភិបាលយើងវិញ និងសង្គមស៊ីវិលដោយភាពយុត្តិធម៌ តាមបទដ្ឋានស្តង់ដារអន្តរជាតិ»។
ក្រុមហ៊ុនបញ្ជារទិញផលិតផលសំលៀកបំពាក់របស់សហរដ្ឋអាមេរិក WalMart (រូបភាពពី Fortune)
ទោះជាយ៉ាងណា ក្រុមហ៊ុនមួយនេះ នៅតែរក្សាការបន្តបញ្ជាទិញសម្លៀកបំពាក់ និងកំពុងពិចារណាក្នុងការទិញផលិតផលកាបូបបន្ថែមនៅឆ្នាំក្រោយផងដែរ។
គម្រោងរោងចក្រល្អនៅកម្ពុជា ឬ Better Factories ដែលបានចេញផ្សាយរបាយការណ៍ កាលពីខែធ្នូនេះ លើកឡើងថា បញ្ហាសុខភាព និងសុត្ថិភាពកម្មករ មិនត្រូវបានស្ថាប័នពាក់ព័ន្ធនៅកម្ពុជា យកចិត្តទុកដាក់បានពេញលេញនៅឡើយទេ ខណៈក្រសួងការងារលើកឡើងថា ខ្លួនកំពុងជំរុញបន្ថែម ដើម្បីកែលំអ។
ជុំវិញការស្នើដល់កម្ពុជាក្នុងការផ្តល់ភាពយុត្តិធម៌ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកំពុងធ្វើសព្វថ្ងៃ គឺកំពុងតែដើរតាមភាពយុត្តិធម៌រួចហើយ តែថា ប្រសិនជាប្រទេសណាមួយលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេកម្ពុជានោះ កម្ពុជាមិនអាចធ្វើការជិតស្និទ្ធជាមួយប្រទេសនោះទេ។
លោកថា៖ «អត់មានស្អីទេ! នយោបាយការបរទេសរបស់គណបក្សប្រជាជន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាគឺថា ស្នើសិទ្ធិស្នើភាពគ្នាកុំឲ្យតែមានការលូកដៃចូលកិច្ចការផ្ទៃក្នុងផងគ្នា! អាហ្នឹងមិនអាច សាមគ្គីគ្នាបានទេ គោលការណ៍របស់យើងគឺអញ្ចឹង កុំឲ្យបន្ទោសខាងណា។ យើងគោរពឯករាជ្យគេ បូរណភាពទឹកដីគេ មិនដែលឈ្លានពានអ្នកណាមានតែគេឈ្លានពានកម្ពុជា»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ យល់ថាកម្ពុជាគួរពិចារណាចំពោះសំណើរបស់ក្រុមហ៊ុនដ៏ធំនេះ ដោយថាការស្នើរបស់ក្រុមហ៊ុននេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ។
លោកថា៖ «តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ អាមេរិកគេបានជួយខ្មែរយើងច្រើនណាស់! រដ្ឋាភិបាលគួរតែយកចំណុចត្រង់នេះ ដើម្បីអនុវត្តន៍អ្វីមួយ ដែលជាការតបស្នងសងគុណចំពោះគេ ព្រោះគេជួយយើងសឹងតែថា គេមិនចង់បានអីពីយើងទេគ្រាន់តែថា ឲ្យយើងគោរពសិទ្ធិកម្មករ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ បើយើងធ្វើប៉ុហ្នឹងមិនបានមានន័យថា យើងគឺជាមនុស្សមួយដែលអកត្តញ្ញូ ហើយជាតិសាសន៍មិនល្អសម្រាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានឲ្យដឹងបន្ថែមថា ទីផ្សារដែលក្រុមហ៊ុន WalMart នេះជាទីផ្សារធំរបស់កម្ពុជា ដែលយកទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។
របាយការណ៍ស្តីពីគំហើញថ្មីលើលក្ខខណ្ឌរោងចក្រដែលចែកចាយឲ្យ WalMart ឆ្នាំ២០១៥ ឲ្យដឹងថាក្រុមហ៊ុនWalMart នាំចេញផលិតផលសំលៀកបំពាក់ពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានទំហំប្រមាណ៣ភាគរយនៃការនាំចេញសរុបកម្ពុជាទៅកាន់ទីផ្សារអាមេរិក និងបានគ្របដណ្តប់លើរោងចក្រជាង២ភាគរយនៃរោងចក្រនៅកម្ពុជា។
របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេសបីដែលកម្ពុជានាំចេញផលិផលធំបំផុតទៅលក់នោះមាន សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដែលមានទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ៕
ប្រភព៖ vod