សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃស្រូវកើនឡើងពី១០០ទៅ២០០រៀលក្នុង១គីឡូ

1068 Views
December 30, 2017

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា តម្លៃស្រូវស្ទើរគ្រប់ប្រភេទនៅឆ្នាំនេះ មានការកើនឡើង ចន្លោះពី១០០ទៅ២០០រៀលក្នុង១គីឡូក្រាម បើប្រៀបធៀបជាមួយឆ្នាំ២០១៦។​

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលោក មូល សារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃនេះថា មូលហេតុដែលនាំឲ្យតម្លៃស្រូវ កើនឡើងនេះមានមូលហេតុពីរសំខាន់គឺ គុណភាពស្រូវល្អជាងមុន និងតម្រូវការស្រូវលើទីផ្សារអន្តរជាតិ​ ដែលទទួលទិញពីកម្ពុជាកើនឡើង។​

បើតាមលោក មូល សារិទ្ធ ឲ្យដឹងថាតម្លៃស្រូវនៅឆ្នាំ​ សម្រាប់ស្រូវសែនក្រអូប មានតម្លៃ៩០០ទៅ១០០រៀល ស្រូវផ្ការំដួលនិងផ្កាម្លិះតម្លៃ១១០០ទៅ១២០០រៀល ចំណែកស្រូវ អ៊ីអ៊ែរ វិញមានតម្លៃជាង៨០០រៀល។ លោកពន្យល់មូលហេតុនៃការឡើងថ្លៃ។​

 

 

ដំណាំស្រូវ (ដោយ បូ សាវី)

 

 

លោកថា៖ «ទី១ កត្តាទីផ្សារ ទី២ គុណភាពស្រូវ គាត់ប្រើពូជបានល្អ ហើយទឹកភ្លៀងក៏វាល្អដែរ មួយទៀតទាក់ទងជាមួយនឹងតម្រូវការ នៅពេលដែលតម្រូវការវាមានការកើនធម្មតាតម្លៃវានឹងឡើងហើយ ពីព្រោះម្នាក់ទិញច្រើនទិញស្តុកទុក»។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន អះអាងខុសពីសហព័ន្ធស្រូវអង្ករដោយថា ស្រូវឡើងថ្លៃដោយសារ នៅតាមខេត្តមួយចំនួនស្រូវមិនសូវល្អ បានទិន្នផលទាប និង មិនសូវមានស្រូវលក់​។​

ទោះយ៉ាងណាលោក​ថា ប្រសិនបើតម្លៃស្រូវឡើងថ្លៃជាងពេលបច្ចុប្បន្ន លោកថា វាអាចជួយឲ្យជីវភាពកសិករកាន់តែប្រសើរ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់កសិករដោយសារ ការជំពាក់លុយធនាគារផងដែរ។

លោកថា៖ «ស្រូវរបស់ពួកគាត់មិនបានផលល្អដូចឆ្នាំមុនទេ ជាហេតុធ្វើឲ្យការលក់ស្រូវរបស់ពួកគាត់ហ្នឹង មានតម្លៃគួរសម ហើយអ្នកខ្លះគាត់​អត់បានលក់ស្រូវផងដែរ ពីព្រោះគាត់ទុកបម្រុងចិញ្ចឹមគ្រួសារគាត់ក្នុងការប្រើប្រាស់និងបរិភោគ។ នេះជាអ្វីដែលយើងប្រមូលបាននៅចុងឆ្នាំនេះ បន្ទាប់ពីប្រមូលផលយើងបានជួបជជែកពិភាក្សាកសិករដែលជាអ្នកផលិតនៅក្នុងប្រទេសកម្ពុជា។ នៅតាមបណ្ដាលខេត្តមួយចំនួន ដូចជា ទៅជួបនៅស្វាយរៀង កំពត ព្រះសីហនុ និងតំបន់ស្រូវផងដែរ»។

របាយការណ៍​នាំ​ចេញ​អង្ករ​កម្ពុជា ចេញ​ដោយ​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយសម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​ ឲ្យដឹង​ថា ក្នុង​រយៈ​ពេល ១១​ខែ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​​នាំ​ចេញ​អង្ករ​ជិត ៦០​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​បាន​កើន​ឡើង​ជិត ២០​ភាគរយ​ បើប្រៀបធៀបនឹងឆ្នាំ២០១៦៕

 

ប្រភព៖ vod

Facebook Comment

Related Articles