នាំគ្នាឈប់ទិញបន្លែគីមីទៅវាចប់រឿងហើយ ចាំបាច់មកបន្ទោសរដ្ឋាភិបាលធ្វើស្អី

ប្រមុខរដ្ឋាភិបាល បានរំឭកជាថ្មីទៀតថា ដើម្បីលុបបំបាត់ចំណីអាហារមានសារធាតុគីមីនៅលើទីផ្សារ សម្តេចថា អ្នកប្រើប្រាស់គួរស្វែងយល់ដោយខ្លួនឯង ជាជាងជេររដ្ឋាភិបាលថា ជាអ្នកបណ្តែតបណ្តោយឲ្យនាំចូលបន្លែគីមីទាំងនោះ។
អំឡុងខែតុលាឆ្នាំមុន សម្តេចនាយករដ្ឋមន្ត្រីបានប្រតិកម្មម្តងហើយ តបទៅនឹងអ្នករិះគន់ ដោយថា ដើម្បីថែទាំសុខភាព សម្តេចថា ពួកគេត្រូវចេះពិនិត្យដោយខ្លួនឯង កុំបន្ទោសរដ្ឋាភិបាល។
សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃនេះ បានថ្លែងថា ដើម្បីលុបបំបាត់អាហារដែលមានជាតិគីមី សម្តេចថា អ្នកប្រើប្រាស់ត្រូវធ្វើពហិកា ឈប់ទិញអាហារទាំងនោះ ហើ់យកុំស្តីបន្ទោសរដ្ឋាភិបាល។
អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)
សម្តេចថា៖ «នាំគ្នាធ្វើពហិការ កុំទិញបន្ថែល សាច់ដែលមានសារជាតិគីមីទៅវាចប់រឿងហើយ ចាំបាច់មកជេរ រដ្ឋាភិបាលធ្វើស្អី? តែខ្លួនឯងទៅទិញអាហ្នឹងយកមកស៊ី។ ស៊ីហើយមានជម្ងឺជេររដ្ឋាភិបាល។ស៊ីខ្លួនេងសោះ មកជេរគ្នាដែរ ។ជេរ ហ៊ុន សែន ម៉ង តែឆ្នាំងលោកខ្លួនឯង ស៊ីខ្លួនឯង ទៅទិញខ្លួនឯង ម៉េចមិនរើស?»។
សម្តេចបន្ថែមទៀតថា៖ «អញ្ចឹងកុំស្អឺឡើងឈឺវ៉ាប់ ជេរពេទ្យ ឈឺវ៉ាប់បណ្តាលមកពីរដ្ឋាភិបាលអនុញ្ញាតិឲ្យគេប្រើគីមី អនុញ្ញាតិឲ្យគេនាំមកលក់នៅលើទីផ្សារ នូវសាត់នូវបន្លែ ឬផ្លែឈើដែលមានសារធាតុគីមី។ ឥឡូវកុំស៊ីវាទៅ ដល់កុំស៊ីលក់អត់ដាច់ លក់អាត់ដាច់គាត់ងាកទៅរកការប្រមូលទិញ បន្លែស្អីៗដែលមិនប្រើជាតិគីមី។ ខ្វះអីត្រសក់ខែនេះ សំបូរសឹងអីនឹង ចាំបាច់ទៅទិញអាត្រសក់មានជាតិគីមីយកមកធ្វើអី?។ ខ្លួនឯងប្រព្រឹត្តិខ្លួនឯងមកបន្ទោសដាក់គេ!។ បន្តិចទៀតប្រពន្ធមានសហាយមកបន្ទោសនាយករដ្ឋមន្ត្រីទៀត?»។
នាយកប្រតិបត្តិអង្គការសេដាក់ដែលធ្វើការផ្តោតលើកសិកម្ម លោក សម វិទូ និយាយថា មានតែមន្ត្រីជំនាញទេ អាចដឹងពីចំណីអាហារមានសារធាតុគីមី តាមរយៈឧបករណ៍វាស់ស្ទង់នានា។ លោកថាចំណែក ពលរដ្ឋសាមញ្ញ ពិបាកក្នុងការសម្គាល់ដោយថា សាធាតុគីមីខ្លះ ដែលគេយកទៅប្រើ គ្មានក្លិន គ្មានពណ៌។
លោកថា៖ «ជាទូទៅនៅក្នុងលក្ខណៈបច្ចេកទេសយើងមើលនឹងភ្នែកធម្មតាពិបាកក្នុងការកំណត់ចំណាំណស់ថាបន្លែ ឬត្រីសាច់ណា មានជាតិគីមី និងគ្មានជាតិគីមី។ ព្រោះសាធាតុគីមីខ្លះយើងមើលអត់ឃើញទេ មានន័យថា វាអត់មានក្លិន វាអត់មានពណ៌ វាអត់មានអ្វីដែលអាចឲ្យយើងសម្គាល់បានទេ។ ព្រោះឧទារណ៍ថា ដូចថ្នាំដែលគេប្រើដើម្បីសម្លាប់សត្វល្អិតខ្លះ ទៅលើបន្ថែទៅអីហ្នឹង ពេលដែលបាញ់ទៅលើបន្ថែទៅជាជ្រាបចូលទៅក្នុងសេរីរាង្គរបស់បន្ថែ ឬក៏ផ្លែឈើហ្នឹង ពេលនឹងវាមើលអត់ឃើញថាមានជាតិអីទេ ប៉ុន្តែនៅពេលដែលសត្វល្អិតវាស៊ីទៅទើបវាងាប់»។
បើតាមលោក សម វិទូ ដើម្បីការពារសុខភាព គេចពីសារធាតុគីមី លោកថា រដ្ឋាភិបាលត្រូវជំរុញឲ្យមន្ត្រីជំនាញ កាំកុងត្រូលចុះពិនិត្យអាហារទាំងនោះនៅលើទីផ្សារ តាមច្រកនាំចូល និងបង្ហាត់បង្រៀនកសិករ ឲ្យចេះប្រើសារធាតុគីមី តាមបច្ចេកទេស និងមានក្រមសីលធម៌។
អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុងប្រកបរបរកសិកម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថវិកា២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។
សូមរំឭកថា កាលពីឆ្នាំមុន សិស្ស៣០០នាក់ នៅសាលាបឋមសិក្សាបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រោយពួកគេ មានអាការ ក្អួតចង្អោ ពេលបរិភោគបាយ ដែលក្រុមការងារ សន្និបាទរបស់ឃុំសំរោង យកទៅចែកជូន។
មនុស្សចំនួន៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ ដោយសារតែពុលចំណីអាហារ ក្នុងពិធីបុណ្យបច្ច័យបួនមួយកន្លែង នៅសង្កាត់អូរចា ក្រុងបាត់ដំបង។
ដូចគ្នានេះដែរព្រះសង្ឃ និងដូនជីចំនួន២៥អង្គ នាក់ នៅវត្តបវេល ស្រុកបវេល ខេត្តបាត់ដំបង ពុលចំណីអាហារ។ កុមារចំនួន៣០នាក់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចអះអាងថា បានពុលអាហារ នឹងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅថ្ងៃទី៣១ខែមិនា រួមទាំងខេត្តមួយចំនួនទៀត៕
ប្រភព៖ vod
ព័ត៌មានផ្សេងៗ៖
ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះ បូឡារិន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨