អង្គរវត្តជាប់ជាសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុតនៅលើពិភពលោក

ប្រាសាទអង្គរវត្តជាប់ជាសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងជាគោលដៅទេសចរណ៍ទី៨នៅក្នុងពិភពលោកក្នុងឆ្នាំ២០១៧។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ មករាម្សិលមិញ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាប្រាសាទអង្គរវត្តកម្ពុជាត្រូវបានគេហទំព័រទេសចរណ៍ TripAdvisor ចាត់ចំណាត់ថ្នាក់លេខ១ ជាសំណង់ដែលមានសារៈសំខាន់ជាងគេផ្នែកប្រវត្តិសាស្ត្រ និងជាគោលដៅទេសចរណ៍ទី៨លើលោកក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការបោះឆ្នោតពីភ្ញៀវទេសចរណ៍រាប់លាននាក់នៅជុំវិញពិភពលោក។
ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)
បើតាមអាជ្ញាធរជាតិអប្សរា នេះជាឆ្នាំទី៤ហើយដែលប្រាសាទអង្គវត្តត្រូវបានភ្ញៀវទេសចរណ៍លើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រទេសចរណ៍ល្បីៗ ដូចជា ArchaeoMadness នៅឆ្នាំ២០១៤ Trip Advisorនៅឆ្នាំ២០១៥ និង Lonely Planet នៅឆ្នាំ២០១៦។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១ មករា ឆ្នាំ២០១៨ គ្រឹះស្ថានអង្គរឲ្យដឹងថា ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយឆ្នាំ២០១៧ បានជាង១០៧លានដុល្លាអាមេរិក ដែលកើនឡើងជាង៧២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៦ ខណៈទទួលភ្ញៀវបរទេសបានជាង២លាន៤សែននាក់ដែលកើនលើសឆ្នាំមុនជិត១២ភាគរយ៕
ប្រភព៖ vod
ព័ត៌មានផ្សេងៗ៖
ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះ បូឡារិន នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី០៥ ដល់ ០៩ ខែមករា ឆ្នាំ២០១៨ ពិសេសនៅតំបន់មាត់សមុទ្រ