គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃប្រមាណ ២ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខារួចហើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុប្រវែង ១៩០,៦៣គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារួចហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
ពិធីចុះហត្ថលេខាលើគម្រោងសាងសង់ផ្លូវនេះ ត្រូវបានធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគិនរបស់ចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវ នេះមាន ០៤គន្លង និងមានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រោយសាងសង់រួចរាល់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ នឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានឆាប់រហ័ស កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបានពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕
ប្រភព៖ freshnews