មោទនភាពខ្ពស់ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា

64 Views
December 29, 2018

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកពង្រីកវិស័យនាំចេញរបស់កម្ពុជា ឱ្យសម្រេចបានក្នុងទំហំជាង ៦០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពខ្ពស់ ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មរបស់កម្ពុជា ដែលមានកំណើនរៀងរាល់ឆ្នាំ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ទឹកប្រាក់នាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធមានចំនួន ១៣ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០១៧។

«កំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នេះ មិនអាចកាត់ផ្តាច់បានពីការរួមចំណែកយ៉ាងសកម្មរបស់មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តាមរយៈការខិតខំធ្វើសកម្មភាពពាណិជ្ជកម្មទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គពិធី អំពីទិសដៅការងារសំខាន់ៗមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដែលក្រសួងត្រូវបន្តអនុវត្តន៍ នៅក្នុងឆ្នាំ២០១៩ សំដៅប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាវិស័យឈានមុខ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម រហូតធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធិផលគាប់ប្រសើរក្នុងឆ្នាំ២០១៨ និងបានសំណូមពរដល់មន្រ្តីក្រោមឱវាទ បន្តយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមអនុវត្តកំណែទម្រង់នានា ដូចជារចនាសម្ព័ន្ធគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ព្រមទាំងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាទំនើប។

សូមជម្រាបថា តាមរយៈកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបានទទួលជោគជ័យលើការបើកទីផ្សារ និងនាំចេញទំនិញទៅកាន់ប្រទេសចំនួន ១៤៧ ក្នុងពិភពលោក។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ ជាមួយបណ្តាប្រទេសនានា សម្រេចបានទំហំទឹកប្រាក់ ២៤,៩៨៥លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹម ២៣,៧៩៦លានដុល្លារអាមេរិក៕

Facebook Comment

Related Articles