អាជ្ញាធរជាតិអប្សរានិងសាធារណជនបន្តដាំកូនឈើចំនួន៥០០០ពាន់ដើមនៅប្រាសាទបន្ទាយប្រីយ៍

768 Views
July 10, 2019

នៅព្រឹកអង្គារ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានបន្តដាំកូនឈើគ្រញូង និងគគីរចំនួន៥០០០ដើមនៅបរិវេណព្រៃខាងកើតប្រាសាទបន្ទាយប្រីយ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ព្រះសង្ឃ កាយរិទ្ធនារីកម្ពុជា លោកគ្រូអ្នកគ្រូ គរុសិស្ស និងពុទ្ធបរិស័ទប្រមាណជា៥០០អង្គ/នាក់។

ពិធីដាំដើមឈើនេះគឺធ្វើឡើងស្របពេលនឹងការប្រារព្ធពិធី «រុក្ខទិវា» ទូទាំងប្រទេស ដើម្បីបំផុសគំនិត និងដាស់តឿនស្មារតីមហាជនគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមដាំដើមឈើឡើងវិញ ជៀសវាងការកាប់បំផ្លាញព្រៃដែលជាជម្រកសត្វនិងជារនាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។

ក្នុងឱកាសនៃការដាំកូនឈើនោះ ព្រះតេជគុណ ពេជ្រ ដេវីត គង់នៅវត្តពោធិ៍លង្កា មានសង្ឃដីកាថា ដើមឈើពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្តល់ជម្រកដល់មនុស្សសត្វ ផ្តល់ខ្យល់អាកាសបរិសុទ្ធ ជារនាំងបាំងខ្យល់ព្យុះ ការពារទឹកជំនន់ និងនាំទឹកភ្លៀងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតសត្វលោក។ ព្រះអង្គក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គប្បីចូលរួមដាំដើមឈើទាំងអស់គ្នា ចូលរួមថែរក្សាការពារ ស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានច្រើនជាជាងការកាប់បំផ្លាញ។

អ្នកមីង ចៅ តូច ប្រជាជនរស់នៅស្រុកប្រាសាទបាគងដែលជួយផ្គត់ផ្គង់ភេសជ្ជៈសម្រាប់អ្នកចូលរួមដាំដើមឈើទាំងអស់បង្ហាញនូវភាពរីករាយថា យើងដាំដើមឈើច្រើនគឺជួយដល់សង្គមជាតិទាំងមូលឱ្យមានភាពបៃតង ព្រោះដើមឈើផ្តល់ភ្លៀង ធ្វើឱ្យដំណាំបានផលល្អ សម្រស់ធម្មជាតិស្រស់ផូរផង់។ ប៉ុន្តែបើកាលណាគ្មានព្រៃឈើទេ វាធ្វើឱ្យដីស្ងួត គ្មានជីជាតិ អាកាសធាតុក៏ក្តៅ ឯការដាំដុះក៏មិនសូវបានផលច្រើនដែរ។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានប្រាប់ថា នេះជាលើកទី៥ហើយនៃយុទ្ធនាការដាំដើមឈើចំនួន៤០០០០ដើមនៅក្នុងរមណីយដ្ឋានអង្គរនារដូវវស្សាឆ្នាំ២០១៩នេះ។ បើគិតពីដើមឆ្នាំ២០១៩មកដល់ពេលនេះ យើងបានដាំដើមឈើចំនួន៧៣០០ដើមហើយ ហើយក៏បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋចំនួន៣០៣៩៧ដើមដែរដែលនេះជាជោគជ័យមួយបង្ហាញអំពីការស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង និងការពារប្រាសាទបុរាណផង។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងបន្តបណ្តុះកូនឈើគ្រប់ប្រភេទរួមទាំងកូនឈើប្រណីត និងកូនឈើដែលងាយស្រួលដាំក្នុងគោលបំណងចែកជូនអង្គភាព ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់យកទៅដាំតាមសហគមន៍ ភូមិស្រុក និងវត្តអារាមដើម្បីលើកស្ទួយភាពស្រស់បំព្រងនិងការពារគ្រោះធម្មជាតិផ្សេងៗក្នុងកន្លែងដែលខ្លួនរស់នៅ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក សឿន ប៊ុនស៊រ

ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Facebook Comment

Related Articles