កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣០ នៅទីក្រុងបាងកក ប្រទេសថៃ…!!

823 Views
July 12, 2019

នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានដឹកនាំមន្រ្តីបង្គោល នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំមាន​ការចូលរួម ពីប្រធានឧត្តមមន្រ្តីបរិស្ថាន​ និងមន្ត្រីបង្គោលមក​ពីបណ្តារដ្ឋសមាជិកអាស៊ាន លេខាធិការ​​ដ្ឋាន​អាស៊ាន មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន​ និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សរុបប្រមាណ២០០ នាក់។ កិច្ចប្រជុំ បាននិងកំពុងពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ មានដូចខាងក្រោមៈ

១.បានពិនិត្យលទ្ធផល​របស់​​​​ក្រុមការងារអាស៊ាន ដែលរួមមាន ការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរ ភាពបរិស្ថានទីក្រុង ការ​ងារអភិរក្ស​ធម្មជាតិនិងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារ​បរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការ​ងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទ​ឆ្លង​ដែន និងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះ​អាស៊ាន​។

២.បានអនុម័តជាគោលការណ៍លើ (ក)សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុទៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាអាសធាតុ (COP25, UNFCCC) និង(ខ)សេចក្តីព្រាងនៃសេចក្ដីថ្លែង​ការណ៍​​រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិស្តីពីសកម្មភាពអាកាសធាតុ។

៣.បានអនុម័តសំណើសុំដាក់បញ្ជូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម ភូមា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។

៤.បានពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និងតាមដាន និងវាយតម្លៃលើការអនុវត្តផែនការក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន ២០២៥។

៥.បានអនុម័តការផ្តល់ពានរង្វាន់អាស៊ាន សម្រាប់សាលាមេត្រីភាពបរិស្ថាន និងយុវជនឆ្នើមអាស៊ាន ដែលពិធីទទួលនឹងរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ២០១៩។

៦.បានពិនិត្យលើការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

៧.បានពិនិត្យលើការងារវឌ្ឍនភាព និងសំណើគម្រោងថ្មីមួយចំនួនក្រោមកិច្ចសហប្រតិបត្ដិការបរិស្ថាន ជាមួយដៃគូអាស៊ានបូក ៣ និងដៃគូអាស៊ានផ្សេងទៀត។

​ប្រភព៖ Ministry of Environment

Facebook Comment

Related Articles