ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិល មិញ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្សព្វផ្សាយជាផ្លូវការ នូវ App ថ្មីមួយ ដែលមានឈ្មោះថា ថ្នាលខ្មែរ (Tnal Khmer) (www.tnalkhmer.com) ត្រូវបានបង្កើតឡើង ដើម្បីជាប្រភព នៃទីផ្សារការងារ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងរក ការងារធ្វើ។
App ថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសកូនខ្មែរ ហើយសហការពិសេសជាមួយក្រុមហ៊ុន Alibaba Cloud លំដាប់ពិភពលោក ។ ការបង្កើតនេះ មិនមែនដើម្បីរកកម្រៃអ្វីនោះឡើយ គឺជាការបង្កើតដើម្បីជាប្រភពទីផ្សារការងារដ៏ងាយស្រួល ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងរកការងារធ្វើ។
ការបង្កើត Appនេះ គឺបើកឱ្យឃើញទូលាយ មិនមានការលាក់លៀមទូទាំងពិភពលោក គឺខុសពីប្រភពដទៃ ហើយAppនេះ ក៏ អាចចូលទៅលេងឆាតរកគ្នា ដូចហ្វេសប៊ុកផងដែរ។ ឯកឧត្តម បានអំពាវនាវឱ្យចូលរួមផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានដឹង និងរួមគ្នាប្រើប្រាស់ទាំងអស់គ្នា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
ថ្នាលខ្មែរ ត្រូវបានបង្កើតឡើងឱ្យប្រើប្រាស់ ក្នុងន័យមនុស្សធម៌ ដើម្បីចូលរួមជួយដល់ សង្គម សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ ឱ្យងាយស្រួលក្នុងការរកការងារធ្វើ និងមិនត្រូវបានគិតលុយនោះទេ។
ថ្នាលខ្មែរ នឹងផ្ដល់ភាពងាយស្រួលដល់គ្រប់ភាគី ទាំងភាគី ដែលត្រូវការបុគ្គលិកបម្រើការងារ និង ភាគីរកការងារធ្វើ ដោយអាចដាក់ចូលនូវព័ត៌មានតាមបំណងរបស់ខ្លួន ឬម្យ៉ាងទៀត ភាគីម្ខាង ដែលមិនបានដាក់ចូលនូវព័ត៌ មានរបស់ខ្លួននោះ ក៏អាចទទួលបានព័ត៌មាន តាមរយៈ App ថ្នាលខ្មែរនេះដែរ។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា តាំងពីដើមមក ទាំងភាគីអ្នកត្រូវការបុគ្គលិកបម្រើការងារ និងអ្នកដែលត្រូវ ការការងារធ្វើ តែងតែធ្វើការផ្សព្វផ្សាយរកតាមរយៈទំព័រសារព័ត៌មាននានា ឬ បិទដំណឹងជ្រើសរើសបុគ្គលិក តាមដើមឈើ ឬជញ្ជាំងសាធារណៈ ដែលជាការលំបាកផង និងធ្វើឱ្យប៉ះពាល់ដល់បញ្ហាបរិស្ថានផងដែរ។ ប៉ុន្តែពេលនេះ តាមរយៈ App ថ្មីមួយនេះ ដែលមានឈ្មោះថា ថ្នាលខ្មែរ នឹងទទួលបានភាពងាយស្រួលជាច្រើន ដើម្បីជួយទៅដល់បញ្ហាទីផ្សារការងារជួយ ដល់ប្រជាពលរដ្ឋខ្មែរ។
រៀបរៀងដោយ៖ កូនផ្កាម្លិះ