សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង​ សាធារណរដ្ឋប្រជាមានិតចិន

291 Views
March 31, 2022

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ​ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា​ មកពីនាយកដ្ឋានជីវៈចម្រុះនៃក្រសួងបរិស្ថាន និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមកិច្ចប្រជុំបច្ចេកទេស SBTTA-24​ និង​ SBI-3 និងកិច្ចប្រជុំក្រុមការងារ WG2020-3 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលរៀបចំឡេីងដោយលេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) និងមានការចូលរួមពីប្រទេសជារដ្ឋភាគី ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ក្រុមយុវជន ស្រ្តី និងបណ្តាញសហគមន៍ជនជាតិដើមភាគតិច សរុបប្រមាណជាង៣០០០នាក់។
គោលបំណងកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ​ និងពិភាក្សាថ្នាក់បច្ចេកទេស​ និងលើកជាអនុសាសន៍សម្រាប់ដាក់ជូនសន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង​ សាធារណរដ្ឋប្រជាមានិតចិន ពិនិត្យ និងអនុម័ត​ នាពេលខាងមុខ។


ជាលទ្ធផល​ កិច្ចប្រជុំទាំងបី​នេះ បានពិនិត្យ និងអនុម័តកំរិតបច្ចេកទេសលើសេចក្តីព្រាងឯកសារនៃរបៀបវារៈជាច្រេីន​ រួមមាន៖
១. សេចក្តីព្រាងអនុសាសន៍ស្តីពីទស្សនវិស័យជីវៈចម្រុះសកល និងសារៈសំខាន់ផ្សេងៗទៀតសម្រាប់អ្នកនយោបាយក្នុងការធ្វើសម្រេចចិត្ត។
២. ការពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា UNCBD និងផែនការយុទ្ធសាស្រ្តជីវៈចម្រុះសកលឆ្នាំ២០១១-២០២០។


៣. ការពិចារណាលើសេចក្តីព្រាងអនុសាសន៍សម្រាប់អនុម័តលើក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) ដែលរួមមាន៖ ក)ផែនការអនុវត្តក្របខណ្ឌជីវៈចម្រុះ ខ)ផែនការសកម្មភាពយេនឌ័រ គ)ក្របខណ្ឌយុទ្ធសាស្ត្រទំនាក់ទំនង និង ឃ)ការកសាងសមត្ថភាពសម្រាប់អនុវត្តអនុសញ្ញា UNCBD និងពិធីសារពាក់ព័ន្ធ។
៤. ការពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាង Post-2020 GBF ដោយផ្តោតជាសំខាន់លើ គោលដៅ(Goal) ទិសដៅ(Targets) សមិទ្ធផលរំពឹងទុក(Milestone) ជាពិសេសគឺការកសាងសមត្ថភាព យន្តការសម្របសម្រួល វិធានការ និងថវិកាសម្រាប់អនុវត្ត។


ទន្ទឹមនឹងនេះ​ បណ្តារដ្ឋភាគី ភ្នាក់ងារអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល​ ក៏បានជំរុញឱ្យការអនុវត្ត​ Post-2020 GBF អាចទទួលបាននូវលទ្ធផល​តាមកា​រំពឹងទុកគឺនៅឆ្នាំ២០៣០ ផ្ទៃសមុទ្រ និងតំបន់ឆ្នេរ៣០% ត្រូវបានការពារ ឬហៅថា (៣០x៣០)​។​ អង្គប្រជុំក៏បានសម្រេចថា​ សម្រាប់សេចក្តីព្រាង​ Post-2020 GBF​ និងយន្តការរៀបចំ និងការប្រើប្រាស់ Digital Sequence Information (DSI) on Genetic Resources នឹងត្រូវលេីកយកទៅពិភាក្សាក្នុងកិច្ចប្រជុំលើកទី៤ WG2020-4 ដើម្បីឱ្យមានការសម្រេចរួមសម្រាប់ថ្នាក់បច្ចេកទេស​ មុននឹងដាក់ជូនសន្និសីទកំពូលលើកទី១៥​ (COP-15) ពិនិត្យ និងអនុម័ត។
តាមរយៈការចូលរួមកិច្ចប្រជុំខាងលើ ប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគី និងចូលរួមកិច្ចប្រជុំដោយឡែកជាមួយបណ្តាប្រទេស អង្គការអន្តរជាតិ និងម្ចាស់ជំនួយនានា ដើម្បីពិភាក្សាការងារពាក់ព័ន្ធ រួមទាំងការកៀរគរថវិកា និងជំនួយបច្ចេកទេសសម្រាប់អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាពនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិរក្សជីវៈចម្រុះនៅកម្ពុជាផងដែរ៕

 

ប្រភព៖ MinistryOfEnvironmentCambodia

Facebook Comment

Related Articles