គ.ជ.ប. ប្រាប់សហភាពអឺរ៉ុបកុំឲ្យភ្ជាប់បញ្ហានយោបាយជាមួយការងារបច្ចេកទេសរបស់ខ្លួន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា សហភាពអឺរ៉ុប មិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយ ទៅដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់ គ.ជ.ប. នោះឡើយ ដែលនេះគឺជាប្រតិកម្មរបស់ គ.ជ.ប. ទៅនឹងសហភាពអឺរ៉ុប ដែលបានប្រកាសផ្អាកជំនួយទៅស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
សហភាពអឺរ៉ុប បានប្រកាសផ្អាកជំនួយដល់ គ.ជ.ប កាលពីថ្ងៃទី១២ ខែធ្នូនេះ ដោយលើកឡើងថា សេចក្ដីសម្រេចបែបនេះរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងតុលាការកម្ពុជា ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានប្រាប់ទៅប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក ថា ការរំលាយបក្សប្រឆាំង មានន័យថា គ.ជ.ប. មិនអាចចាត់ចែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខនោះឡើយ។ លោកបន្ថែមថា ដរាបណាបក្សប្រឆាំងដ៏ធំនេះ ត្រូវបានគេផាត់ចេញ ដំណើរការបោះឆ្នោតខាងមុខ មិនអាចឲ្យគេចាត់ទុកថា «ស្របច្បាប់» នោះឡើយ។
ទោះជាយ៉ាងណា គ.ជ.ប. បានឆ្លើយតបទៅនឹងសហភាពអឺរ៉ុបនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះថា សហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយ ទៅដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់ខ្លួននោះឡើយ ដោយ គ.ជ.ប. បញ្ជាក់ថា ខ្លួនគ្រាន់តែជាអ្នកអនុវត្តការងារបច្ចេកទេសតែប៉ុណ្ណោះ។
បើទោះបីជាសហភាពអឺរ៉ុបប្រកាសផ្អាកជំនួយក៏ដោយ ក៏ គ.ជ.ប បានអះអាងថា ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ នឹងនៅបន្តការងាររបស់ខ្លួនរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ និងនៅតែបន្តស្វាគមន៍ជំនួយទាំងឡាយណា ដែលគ.ជ.ប. ចាត់ទុកថា ត្រូវបានផ្ដល់ឲ្យដោយសុឆន្ទៈពិតប្រាកដ។
គ.ជ.ប. បានប្រកាសថា៖ «ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប. នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែល គ.ជ.ប. បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ»។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតមួយនេះ គ្រោងស្នើជំនួយសុំជំនួយប្រហែល ១០ម៉ឺនដុល្លារបន្ថែមទៀតពីសហភាពអឺរ៉ុបនៅដើមឆ្នំា២០១៨នេះ ដើម្បីជួយដល់ការរៀបចំកិច្ចការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
លោក ពុទ្ធា បានថ្លែងបញ្ជាក់ថា ទោះជាសហគមន៍អឺរ៉ុបផ្តាច់ជំនួយមកកម្ពុជា ក៏មានម្ចាស់ជំនួយផ្សេងទៀតផ្តល់មកកម្ពុជា ដើម្បីឲ្យ គ.ជ.ប. រៀបចំកិច្ចការបោះឆ្នោតនោះបានដែរ។ ប៉ុន្តែ លោកសុំមិនបញ្ចេញឈ្មោះប្រទេសដែលគ្រោងផ្តល់ជំនួយដល់ គ.ជ.ប. នោះ។
អគ្គលេខាធិការរង គ.ជ.ប. លោក សោម សូរីដា បានប្រាប់វីអូឌីកាលពីថ្ងៃទី១២ខែធ្នូថា នៅមានប្រទេសជាច្រើនទៀត នៅជួយជ្រោមជ្រែងដល់ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ រួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ីជាដើម៕
ប្រភព៖ vod

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា