រដ្ឋាភិបាលគ្រោងកែប្រែច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ក្រសួងគ្រោងស្នើឲ្យកែប្រែមាត្រាមួយចំនួននៃច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្ដីពីសញ្ជាតិ ទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គេហទំព័រនគរបាលជាតិ បានផ្សាយថា នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មចន្លោះឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ កាលពីថ្ងៃម្សិលមិញនេះ លោក ស ខេង បានថ្លែងថា ក្រសួងកំពុងរៀបចំលិខិតស្នាមផ្សេងៗដើម្បីធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្ដីពីសញ្ជាតិ។
លោក ស ខេង ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា គម្រោងកែប្រែច្បាប់ទាំងពីរនេះ ត្រូវបានធ្វើឡើងទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងពិតជាគ្រោងកែច្បាប់ទាំងពីរនេះមែន ប៉ុន្តែ លោកពុំទាន់អាចបញ្ជាក់បានទេថា ចំណុចណាខ្លះនឹងត្រូវស្នើឲ្យកែប្រែនោះ។
លោក ខៀវ សុភ័គ អះអាងថា ការកែប្រែមាត្រាខ្លះនៅក្នុងច្បាប់ទាំងពីរនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ
លោកថា៖ «ប៉ុន្តែ ឥឡូវ មិនចាំបាច់ឆ្លងកាត់ ៧ឆ្នាំ បានមានសិទ្ធិទេ បើតាមច្បាប់ទេ! ឥឡូវ បើគេមាន ១លានដុល្លារ គេដាក់ភ្លាម គេចូលសញ្ជាតិបានភ្លាម។ អ្នកវិនិយោគ ឥឡូវ អញ្ចឹងបានយើងមើលច្បាប់ហ្នឹង ប៉ុន្តែ យ៉ាងណា ក៏ពូមិនទាន់ដឹងថា ត្រូវកែយ៉ាងម៉េចទេ។ យើងពិចារណាអញ្ចឹង ឲ្យស្របតាមការរីកចម្រើនរបស់យើង»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា រដ្ឋាភិបាលគួរតែធ្វើការរឹងបន្តឹងការអនុវត្តច្បាប់ ជាជាងធ្វើការកែប្រែច្បាប់ ដោយលោកថា ច្បាប់ទាំងពីរខាងលើ ត្រូវបានយកទៅអនុវត្តមិនពេញលេញនោះឡើយ។
លោកថា៖ «ការធ្វើវិសោធកម្មទៅ បង្កភាពស្រួលកាន់តែខ្លាំងដល់ជនបទេសទាំងអស់នោះ។ ខ្ញុំគិតថា វាជារឿងមួយឲ្យមានការបារម្ភកាន់តែខ្លាំង។ ខ្ញុំមើលទៅដូចជាប្រទេសវៀតណាមជាដើម គេម្ដងហើយម្ដងទៀតនៅតែទទូចឲ្យកម្ពុជាផ្ដល់សិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាបែបនេះ គេត្រូវតែមានការប្រយ័ត្នប្រយែងឲ្យបានច្រើនចំពោះការរស់នៅរបស់ជនបទេសដែលមានព្រំប្រទល់ជាប់គ្នា»។
គម្រោងកែប្រែច្បាប់ទាំងពីរនេះ បានកើតឡើងបន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានអនឡាញរបស់រដ្ឋាភិបាល VGP News ចុះផ្សាយថា លោក ហ៊ុន សែន បានសម្រេចយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសជាង ៧ម៉ឺននាក់ កំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា