គ.ជ.ប.ថា មិនបារម្ភពីសម្ពាធពីអន្តរជាតិក្រោយការបោះឆ្នោតដូចនៅវេណេហ្សូអេឡា
ស្ថាប័នរៀបចំការបោះឆ្នោត បានអះអាងថា ខ្លួនមិនបារម្ភអំពីការទទួលស្គាល់ ឬការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិនាពេលខាងមុខនោះឡើយ បើទោះបីជាសហគមន៍អន្តរជាតិ ថ្មីៗនេះ មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅប្រទេសវេណេហ្សូអេឡាក៏ដោយ។
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសវេណេហ្សូអេឡា ត្រូវបានបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ ក្នុងនោះមានជប៉ុនផងដែរ និងសហគមន៍អឺរ៉ុប ប្រកាសមិនទទួលស្គាល់នោះឡើយ បើទោះបីជាជប៉ុនបានជួយដល់ដំណើរការរៀបចំការបោះឆ្នោតប្រទេសនេះក៏ដោយ។
ស្ថានភាពបែបនេះ បានជំរុញឲ្យមានការចោទសួរអំពីអនាគតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លោក ឌឹម សុវណ្ណារុំ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃនេះថា កុំឲ្យប្រៀបធៀបកម្ពុជាទៅនឹងប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

លោកបន្ថែមទៀតថា ការងាររបស់ គ.ជ.ប. មានតែ ៣នោះទេ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុមានឈ្មោះបោះឆ្នោត សន្លឹកឆ្នោតត្រូវបានរាប់ត្រឹមត្រូវ និងតម្លាភាពវិជ្ជាជីវៈ។
លោកថា៖ «អញ្ចឹង បើនៅស្រុកគេប្រហាក់ប្រហែលទៅនឹង ៣០ភាគរយ គេមិនទាត់ចោលផង ចុះរឿងអីយើងគ្មានច្បាប់កំណត់ពីអត្រាប៉ុន្មានឲ្យទាត់ចោលម៉េចកើត។ យើងមិនទាត់ចោលទេ អត្រានៃការចូលរួមមានប៉ុន្មានក៏ដោយ ការបោះឆ្នោតនៅតែលទ្ធផលទទួលស្គាល់ស្របច្បាប់»។
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសវេណេហ្សូអេឡាកាលពីថ្ងៃទី២០ឧសភាថ្មីៗនេះ បង្ហាញថា ពលរដ្ឋត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះ បានចេញទៅបោះឆ្នោត បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសនេះ បានធ្វើពហិកាចូលរួមក្នុងការបោះឆ្នោតមួយ ដែលក្រុមបក្សប្រឆាំងចោទថា មិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវង្ស បានលើកឡើងកាលពីថ្ងៃម្សិលមិញថា លោកព្រួយបារម្ភពីបញ្ហានេះ ប្រសិនបើស្ថានការណ៍នយោបាយមិនប្រសើរឡើងទេនោះ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២៣ឧសភាថា ករណីរបស់ប្រទេសកម្ពុជា និងប្រទេសវេណេហ្សូអេឡា គឺជារឿងដាច់ដោយឡែក ដោយលោកអះអាងថា សមាជិកគណបក្សប្រជាជនដែលមានជាង ៥លាននាក់ក្នុងចំណោមអ្នកបោះឆ្នោត ៨លាននាក់ នឹងទៅបោះឆ្នោតនាថ្ងៃទី២៩ កក្កដា ខាងមុខ។
ប្រទេសជប៉ុនដែលនៅតែបន្តជួយដល់ គ.ជ.ប. នោះ បានជំរុញជាបន្តបន្ទាប់ទៅកម្ពុជាឲ្យរៀបចំការបោះឆ្នោតមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ៕
ប្រភព៖ https://vodhotnews.com/29/05/2018/nec-dont-care-about-other-country-agree-on-vote-result-01/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា