សម្ដេចតេជោ៖ កម្ពុជាមិនឱនក្បាលដោយគ្រាន់តែចង់បានជំនួយហើយ ធ្វើតាមខ្សែញាក់របស់បរទេសនោះទេ

383 Views
November 17, 2017

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧–​ជាមួយនឹងការអំពាវនាវឱ្យជនរួមជាតិលើកកម្ពស់ស្មារតីជាតិនិយម ស្មារតីឯករាជ្យ ស្មារតីការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនឱនក្បាល ដើម្បីដោះដូរ ជំនួយបន្តិចបន្តួច ហើយធ្វើតាមខ្សែញាក់របស់បរទេស សម្រាប់បំផ្លាញ សេចក្ដីសុខរបស់​ប្រជាពលរដ្ឋនោះទេ។

​ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង១៨.០០០នាក់ នៅតំបន់រោងចក្រ 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា “ខ្ញុំនិយាយនេះសំដៅការពារប្រទេសកម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណាមួយនោះទេ យើងជាកម្ពុជា យើងមិនផ្ដល់ ឱកាសសម្រាប់បរទេសមកជ្រៀតជ្រែក កិច្ចការរបស់យើងនោះទេ”។

សម្ដេចបានបន្តថា កម្ពុជា ធ្លាប់ទទួលរងនូវការ ដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌បំផុតពីសំណាក់ប្រទេសមួយចំនួន ហើយ ការមិនឱនក្បាលរបស់យើងវាជាកិត្តិយសនៃជាតិរបស់យើង។

​សម្ដេចតេជោបានបន្ថែមថា “ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងយល់ ព្រមជាមួយខ្ញុំ ដើម្បីលើកតម្លៃ ឯករាជ្យ អធិបតេយ្យភាពរបស់យើង។ យើងត្រូវប្រឆាំងនិងការជ្រៀតជ្រែករបស់បរទេស ដែលជាមូលហេតុចម្បងនាំមកនូវ អន្តរាយសម្រាប់ប្រទេសរបស់យើង។

សម្ដេចបានគូសបញ្ជាក់ថា នៅពេលប្រជុំអាស៊ាន សហរដ្ឋអាមេរិកនៅប្រទេសហ្វីលីពីន ខ្ញុំបានស្នើសុំ ឱ្យសហរដ្ឋអាមេរិកបង្វែរ បំណុលដែលពួកលន់ណុលជំពាក់ មកជាជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជា”។ “ខ្ញុំបានប្រើពាក្យថា វាប្រៀបដូចជាយកញញួរមកវាយយើងខ្ញុំហើយ ឱ្យយើងខ្ញុំសងថ្លៃញញួរទៀត ដូច្នេះសង្ឃឹមថា ប្រធានាធិតីដូណាល់ត្រាំគាត់ស្ដាប់ឮ នូវភាសានេះច្បាស់ណាស់ ដែលនេះជាសំឡេងរបស់ប្រទេស ក្រីក្រតូចតាចមួយ ទោះបីជាមានអ្នកវិភាគខ្លះថាដូណាល់ត្រាំមិនចាប់អារម្មណ៍។

​ក៏ប៉ុន្តែចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ ខ្ញុំបាននិយាយតំណាងឱ្យជាតិកម្ពុជាដោយមោទនភាពសម្រាប់ប្រទេស មហាអំណាចមួយនេះ។ យើងមិនគ្រាន់តែចង់បានសន្តិភាព ហើយឱនក្បាលធ្វើជាអាយ៉ងរបស់អ្នកណាទេ យើងមិនគ្រាន់តែចង់បានជំនួយ ប៉ុន្តែបែរជាឱនក្បាលក្រោមខ្សែញាក់របស់អ្នកណាទេយើងត្រូវការស្មើភាព និងស្មើសិទ្ធិ”។

សម្ដេចក៏បានបញ្ជាក់ផងដែរអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាថា សម្រាប់កម្ពុជាគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាគោលការណ៍ធំជាងគេ។ ដូច្នេះកម្ពុជាសម្រេចចិត្តបោះឆ្នោតប្រឆាំងការសម្រេចដែលទាក់ទិន ជាមួយនិងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា។

កម្ពុជារួមចំណែកដោះស្រាយ បញ្ហាវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ប៉ុន្តែយើងមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់មីយ៉ាន់ម៉ាទេ។ នេះគឺជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដែលកម្ពុជាមានកាតព្វកិច្ចនិងធ្វើបែបនេះ ហើយនេះក៏បង្ហាញពីរដ្ឋឯករាជ្យ និងអធិបតេយ្យទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស៕

 

ប្រភព៖ akp

Facebook Comment