ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ

319 Views
November 22, 2017

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាជំនួបសំណេះសំណាលលើកទី ១៩ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបប្រមាណជា ២០ម៉ឺននាក់ មកពីរោងចក្រជិត ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយដែលជាប់ទោសព្រហ្មទណ្ឌ។ សម្តេចតេជោ បន្តថ្លែងថា ប្រទេសកម្ពុជាមិនអាចធ្វើជា ចំណាប់ខ្មាំងរបស់នរណាម្នាក់បានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែធ្នូ នេះ នឹងមានការធ្វើពិធីបួងសួងដ៏ធំមួយនៅខេត្តសៀមរាប ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ជាតិកម្ពុជា។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា កំពុងតែធ្វើដំណើរការទៅមុខជាធម្មតា ប្រកបដោយស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ មិនមានបញ្ហាអ្វីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចសន្ទនាបក្សនយោបាយនៅប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចប្រទេសមួយមិនអាចពឹងផ្អែកតែលើវិស័យកសិកម្មមួយមុខគ្រប់គ្រាន់នោះទេ។ សម្តេចតេជោថា របបខ្មែរក្រហម បានមើលឃើញថា មានតែស្រែគឺហូបគ្រប់គ្រាន់ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់សូន្យ។

* សម្តេចតេជោ ហ៊ុន សែន បានកំណត់ឲ្យដាក់ឈ្មោះផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦ ដោយឆ្លងកាត់ស្ពានព្រែកព្នៅថាជា «មហាវិថីឈ្នះឈ្នះ»។ មហាវិថីនេះ ក៏ជាប់នឹងវិមានឈ្នះឈ្នះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលគណបក្សប្រឆាំងអំពាវនាវឲ្យបរទេសឈប់ទិញសម្លៀកបំពាក់ និងទំនិញរបស់កម្ពុជា មិនមែនជាការសម្លាប់ សម្តេចនោះទេ គឺជាការសម្លាប់កម្មករទាំងមូល។ សម្តេចនាយករដ្ឋមន្រ្តី បានឲ្យកម្មករ កម្មការិនី មានការកត់ចំណាំថា ប្រសិនបើមិនការកាត់បន្ថយ ការទិញទំនិញរបស់កម្ពុជាណាមួយ គឺជាទង្វើរបស់បក្សប្រឆាំង ដែលយកកម្មករ ដើម្បីធ្វើជាចំណាប់ខ្មាំងបិទបាំងការប្រព្រឹត្តទង្វើខុសច្បាប់របស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការអំពាវនាវមិនឲ្យទិញទំនិញរបស់កម្ពុជាពីសំណាក់បក្សប្រឆាំង គឺជាការសម្លាប់កម្មករ។

* តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា តាមច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម រួមទាំងកិច្ចសន្យានានា ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញផ្សេងៗរបស់កម្ពុជា នឹងមិនបិទការបញ្ជាទិញនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងដែលកម្ពុជាបានរកឃើញក្រុមជនក្បត់ជាតិឱនក្បាលបម្រើប្រយោជន៍បរទេស ដើម្បីបំផ្លាញ ប្រយោជន៍ជាតិ។ សម្តេចនាយករដ្ឋមន្រ្តីថា ប្រសិនបើសម្តេចបានដឹងពីផែនការ និងគម្រោងរបស់គ្រប់ក្បត់ជាតិនេះ គឺសម្តេចនឹងកម្ចាត់តាំងពីយូរណាស់ មកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅអាមេរិកមានសិទ្ធិចាប់មនុស្សចោទប្រកាន់ពីអំពើក្បត់ជាតិ ដោយចោទប្រកាន់ថាឃុបឃិតជាមួយរុស្ស៊ី ចុះនៅក្រុមបក្សប្រឆាំងដែលមានវីដេអូសារភាពយ៉ាងច្បាស់ទៅហើយ តើកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ ចាប់ក្រុមក្បត់ជាតិបានទេឬ?
សម្តេចតេជោ ហ៊ុន សែន៖ អាមេរិកអាចចាប់មនុស្សដោយចោទប្រកាន់ពីបទក្បត់ជាតិ ចុះកម្ពុជាមិនចាប់មនុស្សក្បត់ជាតិបំផ្លាញប្រយោជន៍ជាតិទេឬ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសមាជិក គ.ជ.ប ៣រូប បានលាឈប់ គឺជាការរៀបចំរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យ គ.ជ.ប មានការជាប់គាំង។ តែសម្តេចនាយករដ្ឋមន្រ្តី ការលាឈប់នេះមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ គ.ជ.ប នោះទេ។

* សម្តេចតេជោ ហ៊ុន សែន ថា គណបក្សប្រជាជនមិនគួរចូលលូកលាន់ជាមួយសមាជិក គ.ជ.ប ដែលកំពុងខ្វះនោះទេ។ សម្តេចតេជោ បានលើកឡើងជាទស្សនៈថា អនុប្រធាន គ.ជ.ប គួរប្រគល់ទៅគណបក្សហ៊្វុនស៊ិនប៉ិច ហើយសមាជិកម្នាក់ គួរប្រគល់ទៅគណបក្សសញ្ជាតិកម្ពុជា ហើយសមាជិកម្នាក់ទៀត ត្រូវរើសមកពីអង្គការសង្គមស៊ីវិល។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្បាលម៉ាស៊ីន គ.ជ.ប ៣កន្លែងដែលកំពុងទំនេរ CPP មិនលូកលាន់ទេ, អនុប្រធានគួរប្រគល់ទៅ ហ៊្វុនស៊ិនប៉ិច សមាជិកម្នាក់ ប្រគល់ទៅសញ្ជាតិកម្ពុជា និងម្នាក់ទៀតឲ្យទៅអង្គការសង្គមស៊ីវិល។

* សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំឱនក្បាលតែជាមួយប្រជាជនរបស់ខ្ញុំប៉ុណ្ណោះ មិនឱនក្បាលជាមួយបរទេសឡើយ»

* សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ត្រូវចាំឲ្យច្បាស់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកើតមានតែក្នុងផ្ទៃនៃ សន្តិភាពប៉ុណ្ណោះ មិនអាចកើតក្នុងផ្ទៃនៃសង្រ្គាមនោះឡើយ។ សម្តេចតេជោ សូមឲ្យកម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ និងរក្សាការងារដែលកំពុងមានក្នុងដៃរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលទទួលបានកូនភ្លោះ៣ សម្តេចនឹងឧបត្ថម្ភថវិការបស់សម្តេចផ្ទាល់ចំនួន ៥លានរៀល ហើយសម្រាប់អ្នកទទួលបានកូនភ្លោះ៤ ទទួលបាន ១០លានរៀល។

* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញពីការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិតផងដែរ។ អត្ថប្រយោជន៍ដែលកម្មករ និយោជិតទទួលបាននោះរួមមាន៖

* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ ឧបត្ថម្ភ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។

* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន​អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការដើម្បីឲ្យមានការទទួលស្គាល់ចំពោះជំនាញរបស់កម្មករ កម្មការិនី ដែលកំពុងធ្វើការងារលើផ្នែកសំណង់ និងអគ្គិសនីនៅក្នុងប្រទេសថៃ ដើម្បីឲ្យមានការទទួលស្គាល់នៅពេលពួកគេត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ។

* រាជរដ្ឋាភិបាល ក៏កំពុងធ្វើការជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីឲ្យមានការទទួលស្គាល់ជំនាញរបស់ពលករផ្នែកសំណង់ និងអគ្គិសនី និងស្នើឲ្យមានការ បណ្តុះបណ្តាលបន្ថែម ដើម្បីពួកគេមានជំនាញបច្ចេកទេសច្បាស់លាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការដើម្បីឲ្យកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ នៅពេលត្រឡប់មកធ្វើការនៅស្រុកវិញ នឹងទទួលបានអត្តប្រយោជន៍ដូចកម្មករ-កម្មការិនី ធ្វើការនៅក្នុងស្រុកដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លំហរសេរីភាពនៃការរបញ្ចេញមតិ ការធ្វើនយោបាយ និងព័ត៌មាន នៅកម្ពុជានៅតែគោរពដដែល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្ហូបឆ្ងាញ់បំផុតរបស់សម្តេច គឺប្រហើរផ្លែចេក កកូរ និងម្ជូរ ហើយអាហារបរទេស គឺសម្តេចមិនចូលចិត្តនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ថា មិនត្រូវទទួលក្បាលម៉ាស៊ីន គ.ជ.ប ៣រូបមកពីខាងអតីតគណបក្សសង្រ្គោះជាតិ ដែលបានលាឈប់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៥៦នាទីនាព្រឹកថ្ងៃដដែលនេះ៕

ប្រភព៖ freshnewsasia

Facebook Comment

Related Articles