អ្នកឃ្លាំមើលបារម្ភថា ពលរដ្ឋនឹងបាត់ទំនុកចិត្តលើ គ.ជ.ប បើសមាជិកថ្មីមកពីបក្សមិនជាប់ឆ្នោត
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ពលរដ្ឋអាចនឹងដកសេចក្តីទុកចិត្តពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្រោយពីអតីតសមាជិក៣រូបរបស់ស្ថាប័ននេះ បានប្រកាសដើរចេញ ដោយសារតែរំលាយគណបក្សសង្គ្រោះជាតិនោះ។
អតីតអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន និងសមាជិក២រូបទៀត មានលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង កូតាមកពីគណបក្សសង្គ្រោះជាតិ បានប្រកាសលាលែងពីសមាជិក គ.ជ.ប មុនស្ថាប័ននេះ បែងចែកអាសនៈ របស់គណបក្សប្រឆាំង ឲ្យទៅគណបក្សផ្សេងៗទៀត ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធម្សិលមិញ បានបង្ហើបថា អនុប្រធាន គ.ជ.ប គួឲ្យទៅគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ និងសមាជិកម្នាក់ទៀតឲ្យទៅគណបក្សសញ្ជាតិកម្ពុជា ដែលគ្មានអាសនៈ ក្នុងសភាដូចគ្នា និងម្នាក់ទៀតជំនួសដោយ កូតាមកពីសង្គមស៊ីវិល។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត NICFEC លោក សំ គន្ធាមី លើកឡើងថា សមាជិក គ.ជ.ប ថ្មី ដែលបានផ្គូផ្គោង ឲ្យត្រៀមមកកាន់តំណែងនៅ គ.ជ.ប នេះ លោកថា ទំនង ជាគ្មានការគាំទ្រពីពលរដ្ឋទេ ដោយថា ពួកគេទាំងនោះ សុទ្ធតែចេញពីគណបក្សដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ តាំងពីនៅថ្នាក់ឃុំសង្កាត់ និងនៅថ្នាក់ជាតិ។
លោកថា៖ «វាអត់ឆ្លុះបញ្ចាំងពីទស្សនៈម្ចាស់ឆ្នោត តាំងពីដើមទីនៃការទទួលកៅអីឯណោះ។ ប៉ុន្តែគ្រាន់តែយើងមើលទៅ វាវិជ្ជមានត្រង់ថា គណបក្សកាន់អណាចបញ្ជូនគ្នាគេទាំង៣នាក់ហ្នឹងមក។ នេះវាបានមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សអីផ្សេងៗ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការរំលាយគណបក្សប្រឆាំង បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ។ លោកថា ការដែលបែងចែងកូតារបស់បក្សប្រឆាំងនៅ គ.ជ.ប ឲ្យទៅ គណបក្សដែលពលរដ្ឋមិនបានផ្តល់ទំនុកចិត្តទៀតនោះ លោកថា នឹងរឹតតែធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿ ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។
លោកថា៖ «យើងថា អតុល្យភាព នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយ។ ហើយម្យ៉ាងវិញទៀត អតុល្យភាពខាងប្រជាធិបតេយ្យនេះ ដែលយើងឃើញថា មិនអាចឲ្យគេជឿជាក់ មានការទទួលយកបាន នូវកែបែងចែកនេះ។ ជាពិសេសរឿង ដែលសំខាន់កៅអីសភា មានការកំណត់ទៅតាមចំនួន របស់អ្នកបោះឆ្នោត នៅតាមមណ្ឌលនិមួយៗ នៃការបែងចែកហ្នឹង។ អញ្ចឹងគាត់អត់បាន អ្នកខ្លះសរុបទាំងអស់ អត់បានកន្លះកៅអីផង ហើយទៅធ្វើតំណាងប្រជាពលរដ្ឋម៉េច»។
ចំណែក មន្ត្រីច្បាប់នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល លោក យឿង សុធារ៉ា លើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ គ.ជ.ប ថ្មី ដែលកើតចេញធ្វើកំណែទម្រង់ របស់បក្សប្រជាជន និងប្រសង្គ្រោះជាតិ តាមរូបមន្ត ៤-៤-១ លោកថា បានផ្តល់ទំនុចចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ប៉ុន្តែលោកថា នៅពេលដែលមានការផ្គូផ្គង ផ្ទុយទៅនឹងរូបមន្ត ៤-៤-១ នេះ លោកថា ពលរដ្ឋភាគច្រើនអាចនឹងខកចិត្ត ។
លោកថា៖ «ចង់មិនចង់វាត្រូវតែបាត់បង់កិត្យានុភាពហើយ គ.ជ.ប ដែលមានសមាសភាពថ្មីមកបំពេញហ្នឹង អាចនឹងទទួលរងនូវការរិះគន់ពិមតិជាតិ និងអន្តរជាតិ ហើយបើសិនជាមានការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ទៀតមែន ហើយបើសិនជាគណបក្សប្រឆាំងនេះ មិនអាចវិលត្រឡប់ មានន័យថា ស្ថានភាពនយោបាយមិនអាចស្តារដូចដើមវិញទៀត គឺបានន័យថាទៅទាំងព្រមហើយ។ គឺ គ.ជ.ប ក៏បាត់បង់នូវកិត្យានុភាព បាត់បង់នូវកិត្តិយស៌បាត់បង់នូវតម្លៃដែលយើងមើលឃើញថា ការបោះឆ្នោតឆ្នាំ២០១៧ គ.ជ.ប ត្រូវបានកោតសរសើរទាំងសង្គមស៊ីវិលទាំងខុមហ្វ្រែលកោតសរសើរដែរ ចំពោះការសមត្ថភាពនៃកាចាត់ចែង ការរៀបចំនៃការបោះឆ្នោត របស់ គ.ជ.ប ថ្មីនេះ»។
ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ដំណើរការជ្រើសតាំងសមាជិកថ្មី មកជំនួសមាជិកចាស់ ដែលបានដាល់លិខិតលាលែង លោកតា កំពុងដំណើរការទៅតាមនីតិវិធីច្បាប់។
លោកថា៖ «ក្នុងមាត្រា៩ និងមាត្រា១១ បានចែងច្បាស់អំពីការលាលែងរបស់សមាជិកធ្វើឲ្យបាត់បង់ភាពដែលជាសមាជិកហ្នឹងហើយ។ ហើយ១១ ជាការបើកផ្លូវឲ្យសភាជ្រើសរើស ដើម្បីបំពេញមកវិញ។ អញ្ចឹង ការយល់ឃើញយ៉ាងណា វាជាការយល់ឃើញ ប៉ុន្តែទិដ្ឋភាពច្បាប់ដំណើរការទៅមុខហើយ។ ហើយការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ គ្រាន់តែជាការលើកឡើងនៅឡើយទេ មិនទាន់មានអីជារូបភាពនៅឡើយទេ»។
យ៉ាងនេះក្តី ក្រុមឃ្លាំមើល អះអាងថា គេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដាន់ពីដំណើររបស់ គ.ជ.ប ទើបអាចនិយាយបានថា តើការបញ្ចូលសមាសភាពថ្មី មកពីគណបក្ស ដែលពលរដ្ឋមិនបោះឆ្នោតឲ្យនេះ ដំណើរការទៅ ដោយឯករាជ្យ ឬក៏យ៉ាងណា៕
ប្រភព៖ vod