រកឃើញទឹកក្រូច និងទឹកសុទ្ធដែលខូចគុណភាព ដាក់លក់នៅផ្សារតាំងក្រសាំង ខេត្តកំពង់ធំ, មន្រ្តីកាំកុងត្រូលប្រមូលទុកដុតកម្ទេចចោល

882 Views
November 24, 2017

ទឹកក្រូច និងទឹកសុទ្ធដែលខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារតាំងក្រសាំង ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុត កម្ទេចចោល។

ការរកឃើញទឹកក្រូច និងទឹកសុទ្ធទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ទឹកក្រូច ម៉ាកកូកាកូឡា ចំណុះ៣៣០ml ចំនួន៤កំប៉ុង ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាកកូកាកូឡា ចំណុច១,៥ml ចំនួន៩ដប ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាកហ្វាន់តា ចំណុះ៣៩០ml ចំនួន៤៣ដប ផលិតនៅប្រទេសកម្ពុជា និងទឹកសុទ្ធ ម៉ាក AQUARIUS ចំណុះ៣៩០ml ចំនួន២០ដប។

ក្រុមការងារបានពិនិត្យណែម សាច់ត្រី ដើម្បីរកសារធាតុបូរ៉ាក់ តែជាលទ្ធផលមិនមានសារធាតុ បូរ៉ាក់ នៅក្នុងណែមនោះឡើយ ហើយបន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយក ទៅដុតកម្ទេចចោល។

ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាពPoster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព ។
បើតាមលោក លៀង សុភា ប្រធានសាខា បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារតាមម៉ាត របស់មន្រ្តីសាខាកាំកុងត្រូលកំពង់ធំ គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់៕

ប្រភព៖ freshnews

Facebook Comment

Related Articles